សម្ដេចតេជោ៖ គណបក្សប្រជាជន និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាត មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ មកបំផ្លាញភាពសុខសាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា បានឡើយ

ភ្នំពេញ៖ ក្នុងមីទ្ទីញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជន និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាត មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយ មកបំផ្លាញភាពសុខសាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា បានឡើយ ។

សម្ដេចបានបញ្ជាក់ទៀតថា នៅលើផ្លូវឆ្ពោះទៅមុខ គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់ខ្ជាប់គោលការណ៍សាមគ្គី ប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស បន្តអភិវឌ្ឍ សេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានានៅក្នុងតំបន់ ជាសង្គមប្រកបដោយភាព សុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។

សម្ដេចបានប្រកាសថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយនេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក។

សម្ដេចប្រធានគណបក្សបានបន្តថា គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និង នីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។

គណបក្សប្រជាជនកម្ពុជា បន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិត ប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿ ទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង លើកកម្ពស់ជីវភាពរបស់ប្រជាជន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner