គណបក្សប្រជាជនកម្ពុជា ប្រារព្ធមីទ្ទីង រំឭកខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ – ២៨ មិថុនា ឆ្នាំ២០២២)

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ប្រារព្ធ បានប្រារព្ធមីទ្ទីង រំឭកខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ – ២៨ មិថុនា ឆ្នាំ២០២២) យ៉ាងមហោឡារិក នាព្រឹកថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២២ នៅក្នុងបរិវេណវិមាន៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អនុប្រធានបក្សទាំង៤រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ កិត្តិសង្ហបណ្ឌិត មែន សំអន និងដោយមានព្រះវត្តមាននៃ សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា, ការអញ្ជើញចូលរួមពីគណៈចាងហ្វាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃសាសនិកឥស្លាម ថ្នាក់ដឹកនាំនៃគ្រឹះស្តសាសនិក , ឯកអគ្គរាជទូត , រដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងជាពិសេស វត្តមានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ នៃ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញមកពី ក្រសួង ស្ថាប័ននានា នៅរាជធានីភ្នំពេញ ។

នៅក្នុងឱកាសដ៏មហោឡារឹកនេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា ៖ នៅលើផ្លូវឆ្ពោះទៅមុខទៀត គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គី ប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស បន្តអភិវឌ្ឍ សេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានានៅក្នុងតំបន់ ជាសង្គមប្រកបដោយភាព សុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មី នូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។ សម្ដេចតេជោ គូសបញ្ជាក់បន្ថែមទៀតថា ប៉ុន្តែដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេង ដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ ។

លើមូលដ្ឋាននេះ យើងត្រូវរួបរួមគ្នាក្នុងធ្លុង សាមគ្គីជាតិតែមួយ ដើម្បីរក្សាឱ្យបាននូវសមិទ្ធផលធំៗ ដែលយើងសម្រេចបានមកដោយលំបាកបំផុត នេះ ដោយមិនត្រូវភ្លេចខ្លួនដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។ ក្នុងន័យនេះ សម្ដេចតេជោ ជំរុញនិងលើកទឹកចិត្តឲ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រមនានានៃការកែ ទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច។

សម្តេចតេជោ បានលើកឡើងទៀតថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភព ពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។ ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេស ជារៀងរហូតមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

សម្ដេចតេជោ ថ្លែងបន្ថែមទៀតថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទី ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់ ។

តាមរយៈជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្ដើម ជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យ បរាជ័យនូវឧបាយកល និងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិ ដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។ ក្នុងនាមគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្ដាល សម្តេចប្រធានកិត្តិយសគណបក្ស និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគោរព និងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្សយុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ។

ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាខិតខំ ប្រឹងប្រែងពេញទំហឹងដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូន ជនរួមជាតិរួចហើយនោះ ឱ្យបានសម្រេចជោគជ័យ ធ្វើឱ្យឃុំ សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល។ គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស និង នីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីមាគ៌ានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា ។

គណបក្សប្រជាជនកម្ពុជា បន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរ ជាមួយបណ្ដាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សា នូវបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿ ទុកចិត្ត របស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង
លើកកម្ពស់ជីវភាពរបស់ប្រជាជន ។

ពីអង្គមីទ្ទីងនេះដែរ សម្តេចតេជោ លើកឡើងថា យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺនេះ មិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថា នឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ ។ ប៉ុន្តែដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅ ចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា ។

នៅក្នុងនេះដែរ ក្នុងនាមប្រជាជនកម្ពុជា សម្ដេចតេជោ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តា ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភ គាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយផ្លផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner