គណបក្សប្រជាជនកម្ពុជាខេត្ត កែប ប្រារព្ធមីទ្ទីងខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
ខេត្តកែប ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរគណបក្ស ខេតកែប បានប្ររព្ធមីទ្ទិញអបអរ ខួបអនុស្សាវរីយ៍ លើកទី៧១ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន សមាជិកគណៈកម្មាធិការកណ្តាល ឣនុប្រធាន ក្រុមការងារ គណកម្មាធិការបក្ស ចុះមូលដ្ឋាន ខេត្ត និងជាប្រធាន គណកម្មាធិការ គណបក្ស ខេត្ត កែប ។
ឯកឧត្តម សាន សាមី សមាជិក គណកម្មធិការកណ្តាល ឣនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងដ៍ខ្ពងង់ខ្ពស់ ឯកឧត្តមគតិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ឣនុប្រធានគណកម្មធិកាគណបក្ស ប្រជាជនកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្ស សមាជិក សមាជិកាគណបក្ស សមាជិក សមាជិកាសាខាបក្សមន្ទីរអង្គភាពសរុបចំនួន ៣២២នាក់ ។
ឯកឧត្តម សំ សារីន ប្រធាន គណៈកម្មាធិការគណបក្សខេត្តកែប បានអានសុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីមីទ្ទីងរំលឹកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ដែលនៅក្នុងខ្លឹមសារសុន្ទរកថា បានបញ្ជាក់ជាថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងរីកចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា ។
គឺប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេស ជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ខ្លឹមសារនៃសុន្ទរកថា ក៏បានបញ្ជាក់ផងដែរថា រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុង គ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជន កម្ពុជាដ៏បរិសុទ្ធដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរ ឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីប្រយុទ្ធ ផ្ដួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជ ថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម។
ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។ ព្រមជាមួយនេះ លើមូលដ្ឋានជ័យជម្នះ៧មករា បក្សប្រជាជន បដិវត្តន៍ខ្មែរក៏ត្រូវបានកសាងឡើងវិញដោយមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងបន្ទាប់មក ត្រូវបានប្តូរឈ្មោះថាគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការដឹកនាំប្រទេសក្នុងដំណាក់ការបន្ត ៕ Sila Sarin