មហាស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១១ បានចាប់ផ្តើមជាមួយការចាក់បញ្ចាំងភាពយន្តចំនួន ១៤៤ចំណងជើង នៅរាជធានីភ្នំពេញ
ពិធីបើកមហាស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១១ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន១៤៤ចំណងជើង មកពី២៦ប្រទេស ក្នុងនោះអូស្ត្រាលី ចំនួន ២០ ចំណងជើង ផលិតពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០២២ និងស្នាដៃភាពយន្តរបស់កម្ពុជា ចំនួន៦២ចំណងជើង។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា ព្រឹត្តិការណ៍នេះអាចដំណើរទៅបាន ក៏ដោយសារកម្ពុជាយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាននូវការរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការខិតខំប្រឹងប្រែងនិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រហូតឈានដល់ការប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមគន្លងប្រក្រតីភាពថ្មី។
សូមបញ្ជាក់ថា ភាពយន្តទាំងអស់ នឹងត្រូវបានចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ រួមជាមួយកិច្ចពិភាក្សា ការចែករំលែកបទពិសោធន៍ លើវិស័យភាពយន្ត ពីអ្នកជំនាញជាតិ និងអន្តរជាតិ តារាភាពយន្តកម្ពុជា និងហូលីវូដ នៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សហការជាមួយស្ថានទូតអូស្រ្តាលី ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី៣ កក្កដា ឆ្នាំ២០២២៕ ចាន់ វិចិត្រ