ឯកឧត្តមជា ប៊ុនហេង បានលើកយកផែនការមេសំខាន់ៗមួយចំនួនដែលត្រូវពង្រឹង និងបន្តអភិវឌ្ឍ ដល់ឆ្នាំ២០២៣
អង្គភាពកីឡាក្រសួងមហាផ្ទៃ បានរៀបចំពិធីសំណេះសំណាល និងបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារកីឡារយ:ពេល៦ខែដើមឆ្នាំ និងលើកទិសដៅផែនការអនុវត្តរហូតដល់ឆ្នាំ២០២៣ របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកយកផែនការមេសំខាន់ៗមួយចំនួនដែលត្រូវពង្រឹង និងបន្តអភិវឌ្ឍ ក្នុងនោះមានដូចជា៖ការត្រៀមខ្លួនចេញទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games នៅទីក្រុង Rotterdam ប្រទេសហូឡង់ និងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ឆ្នាំ២០២២ ដែលនឹងប្រារពឡើងនៅអំឡុងខែវិច្ឆិកាចុងឆ្នាំខាងមុខនេះ។
ជាចុងក្រោយ ឯកឧត្តម ជា ប៊ុនហេង បានក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវបន្តគោរពវិន័យ រួបរួមសាមគ្គី ជាពិសេសប្រមុខដឹកនាំតាមបណ្តាសមាគកីឡានិមួយៗ ត្រូវបន្តពង្រឹងការហ្វឹកហាត់ដល់កីឡាករ កីឡាការិនីរបស់ខ្លួន ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីជាប់ជម្រើសជាតិ នាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕ ជាវ ចន្ធូ