សហព័ន្ធខ្មែរកីឡាហែលទឹកមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតចាប់ពីកម្រិតបឋម ដល់ឧត្តមសិក្សានាពេលខាងមុខ
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បង្ហើបអោយដឹងថា សហព័ន្ធខ្មែរកីឡាហែលទឹកមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតចាប់ពីកម្រិតបឋម ដល់ឧត្តមសិក្សានាពេលខាងមុខ ។ ការបញ្ជាក់របស់អគ្គលេខាធិការរូបនេះក្រោយបញ្ចប់ពិធីបិទការប្រកួតកីឡាហែលទឹក សកលវិទ្យាល័យ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក មិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា។
លោក ហែម គីរី បញ្ជាក់ថា ដោយមើលឃើញថាចំនួនកីឡាករដែលចូលរួមនៅមានកម្រិតនៅឡើយ តែដោយសារនេះគឺជាលើកទី១ នឹងជាជំហានដំបូងរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការបានឱកាសសម្រាប់ការរៀបចំការប្រកួតនេះ ។ ក្នុងនាមតំណាងឲ្យប្រធានសហព័ន្ធក៏ដូចជាមន្ត្រី គណៈកម្មការប្រតិបត្តិទាំងមូល គឺថាសហព័ន្ធខ្មែរហែលទឹកពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលទទួលបានការសហការរៀបចំរវាងក្រសួងអប់រំ យុវជននិងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំការប្រកួតនេះឡើង ហើយនេះក៏ជាឱកាសថ្មីមួយទៀតសម្រាប់សហព័ន្ធក្នុងការបង្កើននូវឱកាសសម្រាប់កីឡាករកីឡាការិនីជាពិសេសគឺនិស្សិត ដែលជាប់ជាកីឡាករកីឡាការិនីជម្រើសជាតិ ក៏ដូចជាកីឡាករខ្លះជានិស្សិតដែលរៀននៅតាមសាកលវិទ្យាល័យ ឬសាលានានានៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតតំណាងឲ្យសាលារបស់ខ្លួន។ លោកអគ្គលេខាធិការ លើកឡើងថា នេះក៏ជាជំហានដំបូងអ៊ីចឹងយើងមានផលលំបាកច្រើនដែរ ដោយសារការចូលរួមនៅមានកម្រិតទាប ដូច្នេះយើងក៏រំពឹងសង្ឃឹមថានៅក្នុងការប្រកួតលើកក្រោយៗទៀត យើងនឹងមានការចូលរួមកាន់តែច្រើន ។
សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹក សកលវិទ្យាល័យ ឆ្នាំ២០២២នេះមានក្រុមកីឡាសាកលវិទ្យាល័យចំនួន៥ ចូលរួមកីឡាករកីឡាការិនីសរុបមានចំនួន ៣០នាក់ (ប្រុស ២២នាក់ ស្រី ០៨នាក់) គ្រូបង្វឹកចំនួន ០៦នាក់ និងមន្រ្តីគណៈកម្មការបច្ចេកទេសកាត់សេចក្តីចំនួន ២២នាក់ ៕
អត្ថបទដោយ សារ៉ាន ទីងី