ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការអនុម័តលើសំណើ គម្រោងសាង សង់ធ្លាក់ចុះ ៦,១ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២២
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ ការអនុម័តលើ សំណើ គម្រោងសាងសង់ធ្លាក់ចុះ ៦,១ភាគរយ បើធៀបនឹង រយៈពេល ដូចគ្នាឆ្នាំ២០២១។
បើតាមរបាយការណ៍ខាងលើ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ការអនុម័ត លើសំណើគម្រោងសាងសង់ សរុបមានចំនួន ១,០០១ គម្រោង ធ្លាក់ចុះ៦៥គម្រោង ស្មើនឹង៦,១% បើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០២១ ក្នុងនោះការធ្លាក់ចុះគម្រោងប្រភេទសំណង់ សាធារណៈ, សំណង់លំនៅឋាន-ភូមិគ្រឹះ, សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។
ទោះបីជាយ៉ាងណាក្ដី វិស័យសំណង់រំពឹងថា នឹងងើបឡើងវិញក្នុង អត្រា៣ ភាគរយ ក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្តល់ ឥណទានលើវិស័យសំណង់បានបន្តកើនឡើង ស្របពេល រាជរដ្ឋាភិបាលបាននិងកំពុងបន្តតាមដាន និងដាក់ចេញ គោលនយោបាយ អន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅ បញ្ចៀស ហានិភ័យដែលអាចនឹងកើតឡើង។
ស្របពេលជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នក វាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជារំពឹងថា ការអនុម័តលើសំណើ គម្រោង សាងសង់នឹងកើនឡើងវិញ នៅត្រីមាសទី២។
លោកបន្តថា ក្នុងករណីការធ្លាក់ចុះគម្រោងសាងសង់ នឹងបន្ដរហូតដល់ ឆមាសទី២ ក្នុងកម្រិតមធ្យម ក៏នៅតែមិនផ្ដល់ផលប៉ះពាល់ច្រើន ចំពោះការសាងសង់លំនៅដ្ឋាន ក៏ដូចជាការសាងសង់នានា ព្រោះថា នេះគ្រាន់តែជាការដាក់សំណើស្នើសុំតែប៉ុណ្ណោះ ដោយឡែកចំពោះ គម្រោងថ្មី ដែលអនុញ្ញាតច្បាប់សាងសង់ក៏មិនប្រាកដថា នឹងសាងសង់ ក្នុងពេលឆាប់ៗនោះឡើយ ដូច្នេះការធ្លាក់ចុះនៃការអនុម័តនេះ មិនផ្ដល់ ផលប៉ះពាល់ទេ។
លោកបញ្ជាក់ថា ការសាងសង់អាចនឹងជួបបញ្ហាក្នុងករណី គម្រោង ដែល បានអនុញ្ញាតសាងសង់រួចរាល់ តើនៅបន្ដការសាងសង់ទៀត ឬទេ? ប្រសិនបើគម្រោងនៅតែបន្ដសាងសង់នោះមិនផ្ដល់ ផល ប៉ះពាល់លើវិស័យសំណង់នោះឡើយ៕
ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា





