ការទូទាត់ប្រាក់តាមរយៈឌីជីថល មានកំណើនកាន់តែខ្លាំង នៅកម្ពុជា

ភ្នំពេញ៖ តាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់ របស់អតិថិជន ឆ្នាំ ២០២១ បានបង្ហាញពីទិដ្ឋភាពជារួមនៃការទូទាត់ ដែលកំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ពីការ ប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល។

បច្ចុប្បន្ន ១៤ភាគរយ នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេ ហើយនិន្នាការនេះត្រូវបាន គេសង្កេតឃើញថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានភាពឈានមុខគេ ។នេះបើយោងតាមតួលេខបង្ហាញ (ដែលមានប្រមាណរហូតដល់ ៣៦%)។ បើមើលទៅតាមប្រភេទដែលអ្នកប្រើប្រាស់និយម ការប្រើប្រាស់ កាបូប អេឡិចត្រូនិក (e-Wallet) និង កាត គឺជាជម្រើសលេចធ្លោនៅ ក្នុង ទីផ្សារ។

បច្ចុប្បន្នការទូទាត់ទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណ ២៥ភាគរយពោលគឺយ៉ាងហោចណាស់បួននាក់ ក្នុងចំណោម ១០នាក់នឹងប្រើប្រាស់ជម្រើសមួយក្នុងចំណោមជម្រើស ពីរប្រភេទនេះ។ ក្នុងនោះដែរប្រមាណ ១៤ ភាគរយ ប្រើទាំងកាបូប អេឡិចត្រូនិក និងកាត។

បន្ថែមលើសពីនេះ ការទូទាត់តាមរយៈឃ្យូអរ កូត( QR ) និង ការឆូត ឬ បញ្ចូលកាតត្រូវបានគេមើលឃើញថាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំព្រមទាំងត្រូវបានប្រជាប្រិយភាពនៅក្នុងទីផ្សារច្រើនជាងមធ្យោបាយនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធផ្សេងៗទៀត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ប្រជាជនកម្ពុជាទទួលយកការទូទាត់ តាមរយៈ ឌីជីថលយ៉ាងឆាប់រហ័ស នេះគឺដោយសារតែការពេញចិត្តនឹងភាព ងាយ ស្រួល និងសុវត្ថិភាព។

ក្រុមហ៊ុនVisa កំពុងផ្តល់ជូនភាគីពាក់ព័ន្ធទាំងអស់នូវដំណោះស្រាយ និងការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីអាចឲ្យយើងទាំងអស់គ្នាអាច បោះជំហានទៅមុខប្រកបដោយផាសុកភាពនៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើនរបស់កម្ពុជា»។

ជាមួយការបែងចែកយ៉ាងច្បាស់លាស់នៃអាយុអ្នកប្រើប្រាស់នៅក្នុងការសិក្សានៃការទូទាត់ ភាគច្រើននៃអ្នកដែលចូលចិត្តប្រើប្រាស់សាច់ ប្រាក់សុទ្ធ (ដែលមានប្រមាណ ៧៨%) គឺជាមនុស្សចាស់។

ទន្ទឹមនឹងនេះ ជម្រើសទូទាត់តាមរយៈការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺមានប្រជាប្រិយភាពបំផុតក្នុងចំណោមក្រុមមនុស្សអាយុ ចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ (មនុស្សជំនាន់ Z និង ជំនាន់ Y) មានប្រមាណជា ២១ ភាគរយ ដែលចូលចិត្តរបស់ពួកគាត់គឺការទូទាត់តាមរយៈ QR កូដ។

ការទូទាត់ប្រាក់តាមរយៈការប្រើ កាត ក៏មានការពេញនិយមប្រហាក់ ប្រហែលគ្នាផងដែរក្នុងចំណោមក្រុមមនុស្សវ័យនេះ។
វិធីសាស្ត្រទូទាត់របស់អ្នកប្រើប្រាស់ប្រើជាប្រចាំ – គឺសំដៅទៅលើ វិធីសាស្ត្រទូទាត់ដែលអ្នកប្រើប្រាស់ជ្រើសប្រើញ៉ឹកញ៉ាប់បំផុត យ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍។

អ្នកប្រើប្រាស់ប្រភេទនេះ មានយ៉ាងហោចម្នាក់ក្នុងចំណោម ៥ នាក់ បាននឹងកំពុងប្រើប្រាស់វា ហើយជានិច្ចកាលនិយមប្រើប្រាស់ ជាមួយ នឹងការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និង កាតអនឡាញ។ សម្រាប់ការប្រើប្រាស់កាត ស្ទើរតែពាក់កណ្តាលនៃចំនួនកាតដែល មានផ្ទុកបច្ចេកវិទ្យា Contactless និងត្រូវបានប្រើយ៉ាង ហោច ណាស់ម្តងក្នុងមួយសប្តាហ៍។

លើសពីនេះ ប្រទេសកម្ពុជាបាននាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅលើអ្នកប្រើប្រាស់កម្មវិធីធនាគារចល័តជាលើកដំបូងច្រើនជាងគេបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាត (ប្រមាណជា ២៩%) ។ ជាការពិតណាស់ វិធីសាស្ត្រទូទាត់តាមរយៈការឆូត ឬ បញ្ចូល កាត បានកើនឡើងដល់ ២៣ភាគរយ នៅក្នុងទីផ្សារ ដែលច្រើនជាងកាល ពីឆ្នាំមុនពីរដង។

ទន្ទឹមនឹងនេះ មានអ្នកប្រើប្រាស់រហូតដល់បួន នាក់ក្នុងចំណោម ១០នាក់ចាប់អារម្មណ៍ក្នុងការសាកល្បងប្រើប្រាស់កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless ។ អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ មានចំណាប់អារម្មណ៍ខ្លាំងបំផុត ដែលប្រហែលជាង មួយភាគបី គឺចង់ប្រើប្រាស់វិធីសាស្ត្រទូទាត់មួយនេះ។

អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ «កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactlessគឺជាវិធីសាស្ត្រទូទាត់មានការច្នៃប្រឌិតចុងក្រោយបំផុតដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនបទ ពិសោធន៍ ប្រតិបត្តិការដែលកាន់តែរហ័ស មានសុវត្ថិភាព និងងាយស្រួលជាងមុន។

អ្នកប្រើប្រាស់ ជាពិសេសក្មេងៗជំនាន់ក្រោយ ចង់ឃើញដំណោះស្រាយ និងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែទូលំទូលាយ។

ក្នុងនាមជាប្រព័ន្ធពាណិជ្ជកម្មដែលគួរឱ្យទុកចិត្តមួយ ក្រុមហ៊ុន Visa ចង់ប្រើសមត្ថភាពចម្រុះនៃបណ្តាញរបស់យើង ដើម្បីជួយដល់ ការអភិវឌ្ឍ រូបវន្តបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចឲ្យមានការរីកចម្រើន»៕ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner