សម្តេចក្រឡាហោម ស ខេង ៖ ធនាគារជាតិនៃកម្ពុជា នឹងជួបឧបសគ្គ បើអ្នកពាក់ព័ន្ធ មិនរួមគ្នាប្ដេជ្ញាដកកម្ពុជា ចេញពីបញ្ជីប្រផេះ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្តដកកម្ពុជា ចេញពីបញ្ជីពណ៌ប្រផេះ ។ សម្ដេចថា បើសិនមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា នឹងមានឧបសគ្គក្នុងការប្រតិបត្តិការធនាគារ ។
ការលើកឡើងរបស់សម្ដេច ស ខេង បែបនេះ ក្រោយពីក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចបន្តដាក់កម្ពុជា ឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន ក្នុងឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារ ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ណែនាំសមត្ថកិច្ច ត្រូវស្រាវជ្រាវដល់ឬសគល់ នៃប្រភពថវិកា ដីធ្លី ទ្រព្យសម្បត្តិ ជាដើម ក្រោយបង្ក្រាបជនល្មើសរកស៊ីគ្រឿងញៀន ដើម្បីធ្វើយ៉ាងណា កុំឱ្យទ្រព្យសម្បត្តិទាំងអស់នេះ ទៅបម្រើអំពើភេរវកម្ម ឬអំពើនានា ដូច្នេះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដប្រយុទ្ធប្រឆាំងអំពើទាំងនេះផងដែរ។
សម្ដេចបានរំលឹកថា បច្ចុបន្នអន្ដរជាតិ បានចាត់ទុកកម្ពុជា ក្នុងបញ្ជីប្រផេះ។ សម្ដេចបន្ដថា បើសិនបញ្ជីប្រផេះនេះ មិនត្រូវបានដកចេញពីកម្ពុជានោះទេ មានន័យថា ធនាគារជាតិនៃកម្ពុជា នឹងជួបឧបសគ្គ ក្នុងការប្រតិបត្តិការធនាគារ។ ទាំងនេះហើយជាបញ្ហាដែលយើងរួមគ្នា ដើម្បីនឹងប្ដេជ្ញាដកកម្ពុជា ចេញបញ្ជីប្រផេះនេះ ហើយទាំងអស់គ្នា មានភារៈកិច្ច ដើម្បីចូលរួមទាំងអស់គ្នា មិនពឹងទៅលើតែគណៈកម្មាធិការ ឬសមត្ថកិច្ចដែលមានពាក់ព័ន្ធទាំងអស់នោះទេ។ និយាយជារួម ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ សុទ្ធតែមានការពាក់ព័ន្ធ»។
លើសពីនេះ សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា គោលដៅធំបំផុត គឺប្ដេជ្ញាដកកម្ពុជា ចេញពីបញ្ជីពណ៌ប្រផេះនេះ កាលណាក្រសួង-ស្ថាប័នមួយចំនួន មិនយកចិត្តទុកដាក់ គឺមិនអាចទទួលបានជោគជ័យឡើយ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ព្រោះយើង «ត្រូវធ្វើការងារជាក្រុម» ៕ ដោយ អ៊ិត រ៉ាវុធ