កូរ៉េ​ខាងជើង​​ចោទ​អាមេរិក​​​​ពីបំណង​បង្កើតណាតូ​​នៅ​​តំបន់អាស៊ី​ ខណៈ ណាតូ​បាន​ជុំ​ជាមួយ​ប្រទេស​ក្នុងតំបន់ប៉ាស៊ីហ្វិក​លើក​ដំបូង​

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាន​និយាយ​កាល​ពីថ្ងៃពុធថា ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​ត្រី​ភាគី​​ដែល​មាន​ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនមាន «គោល​បំណង​ទុច្ចរិក» ឆ្ពោះទៅរកកូរ៉េខាងជើង ហើយ​ជាផ្នែក​មួយ​នៃ​ការនាំមុខ​ដ៏គ្រោះថ្នាក់​ដល់​ការ​បង្កើត «ទម្រង់​ណាតូ​អាស៊ី​​​»​ ខណៈពេល​ដែល​អង្គការ​ណា​តូ​​​​​បាន​ព​ង្រឹង​​ទំនាក់ទំនង​ភាព​ជាដៃគូ​​នៅ​​​​​អាស៊ី​-​ប៉ាស៊ីហ្វិក។

សេចក្តី​រាយការណ៍​របស់ KCNA បានកើតឡើងប៉ុន្មានម៉ោងមុនពេលមេដឹកនាំកូរ៉េខាងត្បូង និង​ជប៉ុន​ត្រូវ​ចូល​រួមកិច្ច​ប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ណាតូ​ក្នុង​នាម​ជាអ្នក​សង្កេតការណ៍​ជាលើក​ដំបូង។ ពួកគេក៏នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន ដើម្បី​ពិភាក្សា​អំពី​កូរ៉េខាងជើង ដែលជាកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។ នេះ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន រ៉យទ័រ​។

យោង​តាម​​គេហទំព័រ​របស់​​​អង្គការ​ណាតូ​​​ដែលផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​​​មិថុនា ​​ណាតូ​កំពុង​​ពង្រឹង​​ទំនាក់ទំនង​ភាព​ជាដៃគូ​​អាស៊ី-ប៉ាស៊ីហ្វិក​​​​​ ដេល​មាន​ប្រទេស អូស្ត្រាលី ​​ជប៉ុន ​កូរ៉េ​ខាងត្បូង និង នូវែលសេឡង់។ ណាតូ បាន​​លើក​ឡើង​ថា ​​ក្នុង​បរិបទ​​​សន្តិសុខ​ដ៏ស្មុគស្មាញ​​​នាពេល​បច្ចុប្បន្ន​ ​ទំនាក់ទំនង​​​ជាមយយ​ដៃគូ​​​ដែល​មានចិត្តគំនិត​ប្រហាក់ប្រហែល​​​នៅ​ទូទាំង​សាកល​លោក​​​​​កាន់តែ​សំខាន់​​ដើម្បី​ដោះស្រាយ​​​បញ្ហា​សន្តិសុខ​​ឆ្លងដែន និង ការប្រឈម​ជាសកល​ ព្រម​ទាំង​​​​ការពារ​​​សណ្តាប់ធ្នាប់​​អន្តរជាតិ​​ផ្នែក​លើ​ច្បាប់។​ ​​នេះ​ជាមូលហេតុ​ដែល​​​ការ​ពង្រឹង​​​ទំនាក់​ទំនង​​ជាមួយ​ដៃគូ​អាស៊ី-ប៉ាស៊ីហ្វិក​​​​បង្កើត​​ទិដ្ឋភាព​សំខាន់​នៃ​​​របៀបវារៈ​ណាតូ​ដល់​ឆ្នាំ​២០៣០។

ប្រទេស​ទាំងបី​ក៏​នឹងធ្វើសមយុទ្ធបាញ់កាំជ្រួច និង​តាមដានរួមគ្នា​នៅជិត​កោះហាវ៉ៃ​ក្នុង​ខែ​សីហា ដែល​​មាន​ឈ្មោះ​ថា «នាគ​​​ប៉ាស៊ីហ្វិក (Pacific Dragon)»​។

KCNA បាននិយាយថា «សហរដ្ឋ​អាមេរិក​កំពុង​បង្ហាញ​​កិច្ច​សហប្រតិបត្តិ​ការយោធា​ជាមួយ​ពួក​​ទំនាស់​​របស់​ខ្លួន​​ ដោយ​មិន​គិត​លើ​តម្រូវការ​សន្តិសុខ និង​ការព្រួយ​បារម្ភ​ជា​ចម្បង​របស់​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក»​។

នៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីចុងសប្តាហ៍ ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​​បាននិយាយថា សមយុទ្ធ​នេះ​បាន​បង្ហាញ​ពីការលាក់ពុត​នៃការផ្តល់​ជូន​របស់​សហរដ្ឋ​អាមេរិក​ចំពោះការចូលរួមការទូត និងការសន្ទនាដោយគ្មានលក្ខខណ្ឌជាមុន។

ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចជាច្រើន​ក្នុងឆ្នាំនេះ រួមទាំង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដ៏​ធំបំផុត​របស់ខ្លួន ហើយមានការព្រួយបារម្ភថា​ ខ្លួនអាច​នឹង​ត្រៀម​ធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧​មក។

កូរ៉េខាងត្បូង និងជប៉ុនគឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងពីរ ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​គ្នាទៅវិញ​ទៅមក​ត្រូវបាន​តានតឹង​ដោយ​ភាពតាន​តឹង​ជាប្រវត្តិសាស្ត្រ​ជុំវិញ​ការកាន់កាប់​របស់​ជប៉ុន​លើប្រទេស​កូរ៉េពីឆ្នាំ ១៩១០-១៩៤៥​​។

ទីក្រុងវ៉ាស៊ីនតោនបានជំរុញទីក្រុងសេអ៊ូល និងតូក្យូឱ្យសហការគ្នាបន្ថែមទៀត ក្នុងការ​ប្រឈម​មុខនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង​ ក៏ដូចជា​ដើម្បី​ទប់ទល់​នឹង​ការកើន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេសចិន។

​រដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូង​ដែល​កើត​ចេញ​​​ចំពេល​វិបត្តិសង្គ្រាម​​អ៊ុយក្រែន​​​​ដែលលុកលុយ​ពី​ប្រទេសមហាអំណាចរុស្ស៊ី​ និង​រងការ​គម្រាម​ផ្នែកសម្ពាធ​​ពីសំណាក់​ប្រទេសកូរ៉េ​ខាង​ជើង ​​​​​​ ​ ​កំពុង​បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងត្រីភាគីជាមួយសហរដ្ឋអាមេរិក និង​ជប៉ុន ដោយ​​សើរើ​​​​ផ្តល់តម្លៃ​​លើ​កិច្ចព្រមព្រៀងសន្តិសុខទូទៅនៃ​ព័ត៌មានយោធា (GSOMIA)។​​

ប្រទេស​​កូរ៉េខាងត្បូង​និង​ជប៉ុន​​បានបង្កើតកិច្ចព្រមព្រៀង​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​ជាលើក​ដំបូង​ក្នុងឆ្នាំ​២០១៦ ដោយ​បើក​បណ្តាញ​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន​យោធា​ដោយ​ផ្ទាល់​ជាលើក​ដំបូង។ ពីមុន ពួកគេ​ម្នាក់ៗ​នឹង​ចែករំលែក​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​សន្តិសុខ​តាមរយៈ​អាជ្ញាធរ​សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរួមរបស់ពួកគេ។ នេះ​​បើ​យោង​តាម ព័ត៌មាន Korea Herald ​ដែល​មាន​មូល​ដ្ឋាន​​នៅ​​កូរ៉េ​ខាងត្បូង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner