ក្នុងចំណោម១២២ប្រទេស កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២៨ ដែលបរិច្ចាគកងកម្លាំង ក្រោមឆ័ត្រអង្គការសហប្រជាជាតិ
ភ្នំពេញៈការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (អ.ស.ប)កងយោធពលខេមរភូមិន្ទ បានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗ ដែលមានការទទួលស្គាល់ពី មន្ត្រី អង្គការសហប្រជាជាតិនានា នៅក្នុងតំបន់បេសកកម្ម។
បើផ្អែកតាមការវាយតម្លៃរបស់ អង្គការសហប្រជាជាតិនាចុងឆ្នាំ២០២១ កម្ពុជាទទួលបានលំដាប់លេខ២៨ ក្នុងចំណោមប្រទេស១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ឯការចូលរួមរបស់នារីទទួលបានលំដាប់លេខ១៣/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ។ចំណែកនៅក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ ឯការចូលរួមរបស់នារីបន្តទទួលបានលំដាប់លេខ២។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងការពារជាតិ បានបន្តប្តេជ្ញាបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ និងជំរុញយោធិននារីចូលរួមឱ្យបានពី១៥ភាគរយទៅ២០ភាគរយទៀតផង។
សូមបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោកក្រោមទង់របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។
របាយការណ៍បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូងកងកម្លាំងមួកខៀវចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាចំនួន៦,០៥៣នាក់នារី២៨៥នាក់។ប្រទេសដែលកងកម្លាំងកម្ពុជាបានចូលរួមបំពេញបេសកកម្មនោះមានដូចជា៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាលជាដើម។ បច្ចុប្បន្នកងកម្លាំងកម្ពុជា ៧៩៧នាក់ មាននារី ៥៤នាក់ បានដាក់ពង្រាយនៅតាមបណ្តាប្រទេសទាំងនេះ៕