រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច អាណត្តិទី២ លើកទី១ ឆ្នាំ២០២២
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានរៀបចំកិច្ចប្រជុំពេញអង្គអាណត្តិទី២ លើកទី១ ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៥៧រូប។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការពិនិត្យសម្រេច និងអនុម័តផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូចឆ្នាំ២០២២-២០២៦ ។
ផ្ដើមចេញពីគោលនយោបាយជាតិស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូច ផែនការសកម្មភាពជាតិត្រូវបានរៀបចំឡើង ជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតបាននូវបរិយាកាសឱ្យកុមាររស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងឱកាសរៀនសូត្រពីដំបូង សម្រាប់ពួកគេអាចអភិវឌ្ឍសុខភាពរាងកាយ ផ្លូវចិត្ត និងបញ្ញាដែលពោរពេញទៅដោយសក្ដានុពលរបស់ពួកគេម្នាក់ៗ ។
ផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូចឆ្នាំ២០២២-២០២៦នេះ បានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់បែបពហុវិស័យ និងបានបង្ហាញអំពីស្ថានភាពបច្ចុប្បន្នក្នុងការគាំពារ និងអភិវឌ្ឍកុមារតូច ព្រមទាំងឧត្តមានុវត្តន៍ដែលទទួលបានពីការអនុវត្តផែនការសកម្មភាពជាតិកន្លងមក ។ បញ្ហាប្រឈមដែលជាអាទិភាពត្រូវបន្តដោះស្រាយ ការបន្ស៊ីយុទ្ធសាស្ត្រជាមួយគោលនយោបាយជាតិ និងសកល និងផែនការយុទ្ធសាស្ត្រលើវិស័យពាក់ព័ន្ធផ្សេងៗទៀត ។
បន្ទាប់ពីផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូចឆ្នាំ២០២២-២០២៦ ត្រូវបានទទួលការអនុម័តជាផ្លូវការ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានស្នើឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវប្រែក្លាយផែនការសកម្មភាពជាតិនេះ ទៅជាសកម្មភាព អនុវត្តជាក់ស្តែង តាមរយៈការដាក់បញ្ចូលសកម្មភាពពាក់ព័ន្ធទៅក្នុងផែនការយុទ្ធសាស្ត្រថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារកម្ពុជាគ្រប់ៗរូប ៕ ដោយ-រ៉ាវុធ