ធនាគារពិភពលោកបន្តព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃនឹងមាន ២,៩% នៅឆ្នាំ២០២២
បាងកក ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានធនាគារពិភពលោក (World Bank) ព្យាករណ៍ថា នឹងកើនឡើង ២,៩ភាគរយ នៅឆ្នាំ២០២២នេះ ដែលមិនផ្លាស់ប្តូរពីការព្យាករកាលពីខែមេសានោះទេ ។
សេចក្តីថ្លែងការណ៍របស់ធនាគារបន្តថា សេដ្ឋកិច្ចថៃត្រូវបានព្យាករថា នឹងកើនឡើងដល់កម្រិត ដូចមុនមានការរាតត្បាតជំងឺ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២នេះ ដោយសារតែការថយចុះករណីកើតជំងឺកូវីដ-១៩ និងការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន ។
ធនាគារថា ទេសចរណ៍ជាចំណែកមួយធំនៃការងើបឡើងវិញ ក្នុងនោះ ចំនួននៃការមកដល់របស់ភ្ញៀវទេសចរត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៦លាននាក់នៅឆ្នាំនេះ កើនឡើងពី ៤សែននាក់ក្នុងឆ្នាំ២០២១ ហើយនៅនៅឆ្នាំ២០២៤ នឹងកើនដល់ដល់ ២៤លាននាក់ ឬប្រហែល ៦០ភាគរយនៃកម្រិតមុនមានការរាតត្បាតជំងឺ ។
ធនាគារពិភពលោកបានបន្តថា ជាលទ្ធផល កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៤,៣ភាគរយសម្រាប់ឆ្នាំ២០២៣ និង ៣,៩ភាគរយសម្រាប់ឆ្នាំ២០២៤៕ ប្រែសម្រួល ៖ សារ៉ាត