កូរ៉េខាងត្បូង ដាក់ឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ ផលិតដោយខ្លួនឯង
សេអ៊ូល ៖ កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនទើបបានសម្រេចអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតក្នុងស្រុកជាលើកដំបូងគេបង្អស់របស់ខ្លួន ដោយក្រុមហ៊ុន SK bioscience សម្រាប់ការប្រើប្រាស់ ជាសាធារណៈហើយ ។
បើតាមរដ្ឋបាលចំណីអាហារ និងឱសថកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ មិថុនា វ៉ាក់សាំងនេះត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់លើ មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅចំនួន ២ដូស ជាមួយនឹងការចាក់ក្នុងរយៈពេល ៤សប្តាហ៍ពីគ្នា ។
ក្រុមហ៊ុន SK bioscience បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការធ្វើតេស្តដំណាក់កាលទី៣ លើមនុស្សពេញវ័យចំនួន ៤,០៣៧នាក់, វ៉ាក់សាំង SKYCovione បានបង្កើតការឆ្លើយតបនៃអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2។ ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងថា មានប្រសិទ្ធភាពកម្រិតណាប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី Omicron និងវីរុស COVID-19 បំប្លែងថ្មីផ្សេងទៀតនោះទេ ។
ក្រុមហ៊ុន SK bioscience បានបន្ថែមថា ខ្លួននឹងស្វែងរកការអនុម័តសម្រាប់ការចែកចាយវ៉ាក់សាំង SKYCovione នៅក្នុងប្រទេសផ្សេងទៀត និងតាមរយៈយន្តការចែកចាយវ៉ាក់សាំងសកល COVAX ក៏ដូចជាការចុះបញ្ជីសម្រាប់ការប្រើប្រាស់ ក្នុងលក្ខណបន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO)៕ ប្រែសម្រួល៖ សារ៉ាត