អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំពេញអង្គលើកទី១ ប្រចាំឆ្នាំ២០២២

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អៀង មូលី ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន លេខាធិការដ្ឋាន ប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការ UNAIDS អង្គការ USAID អង្គការជាតិ និងអង្គការសង្គមស៊ីវិល មានចំនួនសរុប ប្រមាណ ១៧០រូប ។

អង្គប្រជុំទាំងមូល បានធ្វើការគោរពថ្លែងអំណរគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចប្រកបដោយគតិបណ្ឌិត ដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយនៃមេរោគកូវីដ-១៩ ដោយរក្សាបាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច សុខមាលភាពសង្គមរបស់ប្រទេសកម្ពុជា បានយ៉ាងរឹងមាំ។ វិធានដ៏មានតម្លៃនេះ បានចូលរួមវិភាគទានដ៏ធំធេង ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ។

លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរផងដែរ ចំពោះគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ ដែលបានប្រឹងប្រែងបន្ត ចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទោះស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរាតត្បាតពីមេរោគកូវីដ-១៩ ក៏ដោយ ។

អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ តាមរយៈសកម្មភាពដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២២ ស្របទៅតាមផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ (ឆ្នាំ២០១៩-២០២៣) និងសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ២១៣ ស.ជ.ណ.ស.ស។ ការពិនិត្យមើលពីវឌ្ឍនភាព នៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះអង្គប្រជុំក៏បានពិនិត្យមើលការរៀបចំ សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្ការ នៃការចម្លងមេរោគអេដស៍ ជាសាកលរបស់ប្រទេសកម្ពុជា និងពិនិត្យពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក រួមជាមួយនឹងដំណោះស្រាយផងដែរ។

បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកា ទាំងអស់ បានប្តេជ្ញាបន្តនូវឆន្ទៈរួមគ្នា ក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាល មេរោគអេដស៍ និងជំងឺអេដស៍ ឲ្យបានជោគជ័យ ហើយក៏បានអនុម័តនូវសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គលើកទី១ ប្រចាំឆ្នាំ២០២២ ដែលជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២២ ក្នុងគោលបំណងឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner