នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៃ WHO សរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19
ភ្នំពេញ ៖ នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៃ WHO សរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់ឱ្យដឹងនៅក្រោយពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
នៅក្នុងជំនួបនេះ ឯកឧត្តម បណ្ឌិត Takeshi kasai បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺ covid-19 ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។
ឯកឧត្តម សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19។ ឯកឧត្តម បានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១ កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ទី២ កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងជំងឺកូវីដ19។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣ ឯកឧត្តមមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ដែលបានទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។ ពេលនោះ មានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមិនមានកន្លែងចូលចត។ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។
ឯកឧត្តម បណ្ឌិត Takeshi kasai បានបន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ19 នឹងជំងឺដទៃទៀតដូចជា៖ ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម បណ្ឌិត Takeshi kasai ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ19។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ19 ទេ។
សម្ដេចបន្តថា ចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ19។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ ៕ ដោយ វណ្ណលុក