រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធី DEYពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាព របស់ប្រទេសកម្ពុជាបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាលនៃ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (កម្មវិធី DEY) និងលោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដោយមានការចូលរួមពី តំណាងជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO, ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), តំណាងនិយោជក និងតំណាងយុវជន រៀបចំធ្វើឡើង នៅទីស្តីការក្រសួងការងារ។
កិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖ ១) ពិនិត្យ និងអនុម័តលើសំណើការកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ២) ពិនិត្យ និងអនុម័តលើផែនការយុទ្ធសាស្ត្រទំនាក់ទំនងរបស់កម្មវិធី DEY និង ៣) ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់កាលទី៣។
អង្គប្រជុំក៏បានធ្វើបទបង្ហាញលើសំណើកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY, ការពិនិត្យ និងអនុម័តលើសំណើកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY, ការធ្វើបទបង្ហាញ និងអនុម័តស្តីពីយុទ្ធសាស្ត្រទំនាក់ទំនងកម្មវិធី DEY និងការពិភាក្សាលើកដំបូងពីដំណាក់កាលទី៣ នៃកម្មវិធីផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់ការឆ្លើយតប និងការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ កម្មវិធី DEY ដំណាក់កាលទី២ បន្តផ្តោតលើ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជំនាញធុរកិច្ច និងមុខរបរនិងការងារ និងការស្តារឡើងវិញនូវសមត្ថភាពរបស់យុវជនដែលរងផលប៉ះពាល់ដោយការរាលត្បាតនេះ រួមទាំងអ្នកដែលត្រូវបានព្យួរ ឬបញ្ឈប់ពីការងារ ក៏ដូចជាពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកមាតុភូមិវិញ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បន្តទៀតថា ការអនុវត្តកម្មវិធី DEY ដំណាក់ទី២នេះ និងដំណាក់កាលបន្តបន្ទាប់ នឹងចូលរួមចំណែកដ៏សំខាន់ ក្នុងការសម្រេចបានគោលដៅរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចរីភាព (SDG) ជាពិសេសគោលដៅទី៨។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖ “ជាការពិតណាស់ ខ្ញុំចង់ឃើញវត្ដមានកម្មវិធី DEY ដំណាក់កាលទី៣ ព្រោះខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត”។
លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងដូច្នេះថា៖ “យើងបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំចុងក្រោយកាលពីខែកុម្ភៈ ឆ្នាំ២០២២ ថាយើងត្រូវកំណត់អាទិភាពឡើងវិញលើសកម្មភាពអន្តរាគមន៍ ចំណុច ការងារដែលរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាន នូវគោលដៅចុងក្រោយ និងលទ្ធផលរំពឹងទុកជារួមរបស់កម្មវិធី ដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ននៃការស្តារឡើងវិញ នៃសេដ្ឋកិច្ចសង្គម រួមទាំងទំនាក់ទំនងនឹងតម្រូវការទីផ្សារការងារក្រោយសម័យកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យមានការអនុវត្តផែនការ ទៅតាមអ្វីដែលយើងបានគ្រោងទុក”។
ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនេះ សម្រេចបាន៖
- អនុម័តលើការកំណត់អាទិភាពឡើងវិញនៃកម្មវិធីដំណាក់កាលទី២
- អនុម័តផែនការយុទ្ធសាស្ត្រទំនាក់ទំនង
- ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់កាលទី៣៕