អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ នគរបាលជំនាញឃាត់ខ្លួនជនសង្ស័យ៦៥នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញ
ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះថា មានជនសង្ស័យ៦៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២កាលពីម្សិលមិញ ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៦៥នាក់នោះ មាន ២១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៣ករណី និងជនសង្ស័យ ៤៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៧ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ដោយ ៖ ជីម ភារ៉ា