អតីតទូតជប៉ុនប្រចាំកម្ពុជា៖ ទោះបីឯកឧត្តម បញ្ចប់បេសកកម្មការទូតក៏ពិតមែន ប៉ុន្តែបេះដូងរបស់ឯកឧត្តម ស្ថិតនៅជាមួយកម្ពុជាជានិច្ច

ភ្នំពេញ ៖ អតីតទូតជប៉ុនប្រចាំកម្ពុជា៖ ទោះបីរូបឯកឧត្តម បញ្ចប់បេសកកម្មការទូតក៏ពិតមែន ប៉ុន្តែបេះដូងរបស់ឯកឧត្តម នៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច ជាពិសេស ឯកឧត្តមកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើវិស័យជាច្រើន ។ នេះជាការបញ្ជាក់របស់ឯកឧត្តម Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតិឱ្យឯកឧត្តម ចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

បើតាមឯកឧត្តម អ៊ាង សុផ្លែត ជំនួយការសម្តេចតេជោបានប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម Gotaro OGAWA បានជំរាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរាករីយណាស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីម្តងទៀត។ ឯកឧត្តមបន្តថា កន្លងមកឯកឧត្តមធ្លាប់តែបានលឺថា រាល់ពេលមិត្តភក្តិមកដល់កម្ពុជា ពួកគេបានឃើញនូវភាពខុសប្លែក ភាពរីកចម្រើន ការរីកដុះដាលនៃសំណង់អគារថ្មីៗ និងខ្ពស់ៗ ក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះ ឯកឧត្តមឃើញជាក់និងភ្នែក កម្ពុជាពិតជាមានការរីកចម្រើន មានការអភិវឌ្ឍយ៉ាងខ្លាំង បើធៀបទៅនិងឆ្នាំ២០០៣ ក្នុងពេលដែលរូបឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូត និងចាកចេញពីកម្ពុជា ។

ក្នុងជំនួបគ្នានោះ ឯកឧត្តមបានសំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ចំពោះការអភិវឌ្ឍរីកចម្រើនទាំងអស់នោះ ដែលជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ និងបានគោរពជំរាបជូនសម្តេចតេជោបន្ថែមថា បើទោះបីជារូបឯកឧត្តម បញ្ចប់បេសកកម្មការទូត និងចាកចេញពីប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែបេះដូងរបស់ឯកឧត្តម នៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច ជាអាទិ៍នៅពេលនេះ ឯកឧត្តមកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើវិស័យទី១-ជួយដល់និស្សិតកម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌, ទី២-ផ្នែកច្បាប់, ទី៣- លើវិស័យកីឡាយូដូ ដែលនឹងជួយកម្ពុជា សំរាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងនៃប្រទេសទាំងពីរផង និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា។

ក្នុងជំនួបគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឯកឧត្តម Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្កេមខាងមុខ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner