ក្នុងឆ្នាំ២០២២នេះ ទិន្នផលម្រេចកម្ពុជារំពឹងថា នឹងកើនឡើងលើសឆ្នាំមុនប្រមាណ ១០ភាគរយ
ភ្នំពេញ៖ អ្នកនៅក្នុងផលិតកម្មម្រេចកម្ពុជាបានឱ្យដឹងថា ទិន្នផលម្រេចកម្ពុជាក្នុងឆ្នាំ២០២២នេះ អាចនឹងកើនលើសឆ្នាំមុនប្រមាណ ១០ភាគរយ ខណៈដែលការប្រមូលផលនៅពេលនេះសម្រេចបានជាង ៩០ភាគរយហើយ ។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) លោក ងួន ឡាយ បានឱ្យដឹងថា អាកាសធាតុដែលមានភ្លៀងធ្លាក់ច្រើនកាលពីអំឡុងខែកុម្ភៈ ខែមីនា និងខែមេសា បានធ្វើឱ្យផលម្រេចកំពតក្នុងឆ្នាំនេះអាចកើនឡើងប្រមាណ ១០ភាគរយ បើធៀបនឹងឆ្នាំ២០២១ ហើយផលម្រេចរបស់ចម្ការខ្នាតតូច និងមធ្យមក៏ត្រូវបានក្រុមឈ្មួញធ្វើកិច្ចសន្យាបញ្ជាទិញអស់ស្ទើរ ១០០ភាគរយផងដែរ ។
ការធ្លាក់ភ្លៀងច្រើនមិនត្រឹមតែធ្វើឱ្យម្រេចបានផលច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយកាត់បន្ថយការចំណាយយ៉ាងច្រើនទៅលើតម្លៃប្រេងបូមទឹកស្រោចដើមម្រេចផងដែរ ។
លោកថា បើមើលតាមកិច្ចសន្យាដែលឈ្មួញបានបញ្ជាទិញពីកសិករក្នុងសមាគម ខ្ញុំគិតថា ការនាំចេញម្រេចកំពតក្នុងឆ្នាំ២០២២ នឹងមានចំនួនច្រើនជាងឆ្នាំ ២០២១ ដែលពេលនោះម្រេចកំពតត្រូវបាននាំចេញប្រមាណ ១១៤តោន ក្នុងចំណោមផលដែលប្រមូលបានក្នុងរង្វង់ ១២៥តោន។
ទាក់ទងនឹងកម្លាំងពលកម្ម លោក ងួន ឡាយ បានបញ្ជាក់ថា ក្នុងចង្វាក់ផលិតកម្មម្រេចពេលបច្ចុប្បន្នក៏កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មច្រើនដែរ ដោយមានតែមនុស្សចាស់នៅផ្ទះប៉ុណ្ណោះ ដែលនៅបន្តធ្វើការងារនេះ ។
លោក ងួន ឡាយ បន្ថែមថា ខ្នាតតូច គឺសំដៅដល់ចម្ការដែលមានម្រេចពី ១០០ ទៅ ១៥០០គុម្ព និងមធ្យម មានម្រេចចន្លោះពី ១,៥០០ ទៅ ៣,០០០គុម្ព និងលើសពី ៣,០០០គុម្ព ត្រូវបានចាត់ទុកថា ខ្នាតធំ ។ ជាមធ្យម ១ហិកតា គេអាចដាំម្រេចបានប្រហែល ២,៥០០គុម្ព ។
ជាធម្មតាដំណាំម្រេចត្រូវបានកសិករប្រមូលផលចន្លោះពីខែមករា ដល់ចុងខែមិថុនា ឆ្នាំនីមួយៗ ប៉ុន្តែការប្រមូលផលនឹងត្រូវអូសបន្លាយពី ២៥ ទៅ ៦០ថ្ងៃបន្ថែម បើគេចង់បានម្រេចក្រហម ឬម្រេចសច្រើន។ សម្រាប់ម្រេចកំពត (GI) គឺម្រេចខ្មៅមានតម្លៃ ១៥ដុល្លារក្នុង១គីឡូក្រាម, ម្រេចក្រហម ២៥ដុល្លារ និងម្រេចស តម្លៃ ២៨ដុល្លារ ដែលតម្លៃនេះនៅទ្រឹង ៦ ទៅ ៧ឆ្នាំមកហើយ ។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានលើកឡើងទៀតថា ការនាំចេញផលិតផលម្រេចកំពត (GI) ត្រូវបានរំពឹងថា នឹងមានកំណើនខ្ពស់បន្ថែមទៀត ខណៈពីមុន ម្រេចកំពតមានតែទីផ្សារនៅតំបន់អឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែពេលនេះវាក៏ត្រូវបានគេនាំចេញទៅកាន់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាផងដែរ ។ នៅកម្ពុជា ផ្ទៃដីដាំម្រេចអាចមានជាង ៦,០០០ហិកតា ហើយក្នុងមួយហិកតាអាចផ្តល់ផលជាមធ្យមចន្លោះពី ៣ ទៅ ៤តោន។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២ ការនាំចេញម្រេចសម្រេចបាន ៥,៥៥៨.៥៨តោន ថយចុះ ២៥,៥ភាគរយ ។ ក្នុងនោះនាំចេញទៅវៀតណាម ៥,១៣១.៥១តោន, អាល្លឺម៉ង់ ៣៥៥,៧៨តោន, កោះតៃវ៉ាន់ ២១ តោន, ម៉ាឡេស៊ី ១៣.៦៤តោន, បារាំង ១០.៥១តោន ។
ចំណែកប្រទេសផ្សេងៗទៀតមានដូចជាបែលហ្ស៊ិក, ជប៉ុន, ឆេក, ស៊ុយអ៊ែត, កាណាដា, អាមេរិក, ឥណ្ឌា, ចក្រភពអង់គ្លេស, កាហ្សាក់ស្ថាន, កូរ៉េ និងអូស្ត្រាលី។ កាលពីឆ្នាំ២០២១ កម្ពុជានាំចេញម្រេច ២៨,០៧៤តោន កើនឡើង ៤៥២,៧២ភាគរយ បើធៀបនឹងឆ្នាំ ២០២០៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ដោយ៖ ទីណា និងបុត្រា