លោក ចូ បៃដិន សន្យាថា នឹងបង្កើនចំនួនយោធានៅទូទាំងតំបន់អឺរ៉ុប
ម៉ាឌ្រីដ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់ លោកនឹងបង្កើនវត្តមានយោធាអាមេរិកនៅទូទាំងតំបន់អឺរ៉ុប ខណៈ ដែលអង្គការណាតូបានយល់ព្រមលើ “ការផ្លាស់ប្តូរជាមូលដ្ឋាន” ក្នុងការឆ្លើយតបរបស់ខ្លួនចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក បៃដិន បានប្រាប់កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងម៉ាឌ្រីដ នៅថ្ងៃពុធសប្តាហ៍នេះថាណាតូនឹងពង្រឹងវត្តមានកងទ័ពគ្រប់ទិសដៅនៅគ្រប់ដែនដីទាំងអស់ រួមមានទាំងផ្លូវគោក ផ្លូវអាកាស និងសមុទ្រ។ កំលុងកិច្ចប្រជុំខាងលើនេះដែរមេដឹកនាំណាតូបានឯកភាពគ្នាក្នុងការដាក់បន្ថែមកងទ័ពជាង៣០០,០០០នាក់ឱ្យស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយនៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ចំនួនកងទ័ពនេះមាន ត្រឹមតែ ៤០,០០០នាក់ប៉ុណ្ណោះ។
លោក បៃដិន បានអះអាងឡើងវិញថា នឹងការពារទឹកដីណាតូមិន ឱ្យបាត់សូម្បីតែមួយចំអាម ខណៈដែលបក្សសម្ព័ន្ធណាតូឯកភាព គ្នាលើផែនការថ្មីមួយ ក្នុងការពង្រឹង និងបង្កើតវត្តមានយោធា ក្នុងតំបន់បាលទិក និងប៉ូឡូញ ដើម្បីទប់ស្កាត់ការវាយប្រហារណា មួយរបស់រុស្ស៉ីនាពេលអនាគត។
បើតាមលោក ចូ បៃដិន សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ ខ្លួនបន្ថែមពីលើកងទ័ពជាង ១០០,០០០នាក់ ដែលកំពុងឈរ ជើងស្រាប់ក្នុងតំបន់អឺរ៉ុប ព្រមទាំងដាក់ពង្រាយបន្ថែមនាវាចម្បាំង និងយន្ដហោះចម្បាំងក្នុងតំបន់អឺរ៉ុប៕
ប្រភព៖ BBC និង Reuters ប្រែសម្រួល៖ ទីណា និងបុត្រា