លោក ពូទីន ព្រមានធ្ងន់ៗថា រុស្ស៊ីនឹងឆ្លើយតប ប្រសិនបើណាតូដាក់ ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធយោធានៅស៊ុយអែត-ហ្វាំងឡង់
មូស្គូ៖ រុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាងសមាមាត្រ ក្នុងករណីដែល អង្គការណាតូដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធយោធា នៅស៊ុយអែត និងហ្វាំងឡង់ ក្រោយប្រទេស Nordic ទាំងពីរចូលរួម ជាមួយបក្សសម្ព័ន្ធយោធាមួយនេះ។នេះបើតាមការព្រមានធ្ងន់ៗរបស់ ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ។
ការព្រមានធ្ងន់ៗរបស់ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្តាហ៍នេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសតួកគី ដែលជាសមាជិកណាតូ បានសម្រេចចិត្តលុបចោលការវេតូរបស់ខ្លួន មិនឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលអង្គការណាតូ ក្រោយប្រទេសទាំងបី យល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក។ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយ មេដឹកនាំនៃអតីតរដ្ឋសហភាពសូវៀត ក្នុងប្រទេសតួកម៉េនីស្ថាន លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ីថា ជាមួយស៊ុយអែត និងហ្វាំងឡង់ យើងមិនមានបញ្ហាជាមួយពួកគេដូចដែលយើងមាន បញ្ហាជាមួយអ៊ុយក្រែននោះទេ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ពួកគេ (ស៊ុយអែត-ហ្វាំងឡង់) ចង់ចូលណាតូ ដូច្នេះចូលចុះ។ ប៉ុន្តែពួកគេត្រូវយល់ថា ប្រសិនបើកងទ័ពនិងហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានដាក់ពង្រាយនៅទីនោះ នោះយើងនឹងធ្វើការឆ្លើយតបយ៉ាងសមាមាត្រ៕
ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា