តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន ដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា ដាក់ចេញទិសដៅអនុវត្តបន្តប្រចាំខែកក្កដា ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
លោកអនុសេនីយ៍ឯក កែ ចាន់ធឿន នាយរងការិយាល័យទី៣ បានឡើងអានសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅអនុវត្តបន្តប្រចាំខែកក្កដា ឆ្នាំ២០២២ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យនិងពិភាក្សា បន្ទាប់មកសមាជិកអង្គប្រជុំ បានពិភាក្សាបំពេញបន្ថែមលើរបាយការណ៍ និងទិសដៅដែលត្រូវអនុវត្តបានយ៉ាងផុលផុស ។
លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ បានឡើងអានសេចក្តីសម្រេចស្ដីពីការតែងតាំងឋានន្តរសក្តិ និងការតែងតាំងមុខតំណែងថ្មី ជូនយោធិនចំនួន ១៧រូប ដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ និងស្របតាមការកំណត់ឆ្នាំ និងមុខងារនៃការទទួលបាននូវការតម្លើងឋានន្តរសក្តិ និងមុខតំណែង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចសម្រេចបានតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន ពិសេសកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងមកនេះនៅទូទាំងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពាក់ឋានន្តរសក្កិជូននាយទាហាន ដែលបានទទួលឋានន្តរសក្កិថ្មី និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ដែលត្រូវអនុវត្តបន្តនៅក្នុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ តាមភារកិច្ចរៀងៗខ្លួន ឲ្យទទួលបានជោគជ័យបន្ថែមទៀត ៕
ដោយ ប៊ុន រដ្ឋា