សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញលែងកូនបង្កង, កូនត្រី និងត្រីមេពូជ ចម្រុះជាងមួយលានក្បាល រួមទាំងប្រភេទវារីសត្វជិតផុតពូជ ចូលក្នុងអាងត្រពាំងថ្ម

បន្ទាយមានជ័យ៖ ទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញលែងកូនបង្កងទឹកសាប ប្រមាណ ២០ម៉ឺនក្បាល កូនត្រី និងត្រីមេពូជក្នុងស្រុកចម្រុះជាងមួយលានក្បាល រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជា៖ ត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបផងដែរ ចូលក្នុងអាងត្រពាំងថ្ម ដើម្បីធ្វើឱ្យអាងទឹកនេះ សម្បូរទៅដោយពូជមច្ឆជាតិចម្រុះ និងលូតលាស់រីកសាយដល់តំបន់ផ្សេងៗទៀត អាចចរាចរ ចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម វេង សាខុន បានមាន បានប្រសាសន៍ឱ្យដឹងថា៖“ ទិវាមច្ឆជាតិ១កក្កដា” ឆ្នាំនេះ ប្រារព្ធនៅអាងទឹកត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ដម រដ្ឋមន្ត្រីបានបន្តថា ៖ «ការប្រារព្ធទិវាមច្ឆជាតិ នៅអាងត្រពាំងថ្មនាពេលនេះ គឺគ្រោងនឹងលែងកូនបង្កងទឹក សាបប្រមាណ២០ម៉ឺនក្បាល កូនត្រី និងត្រីមេពូជក្នុងស្រុកចម្រុះជាង១លា នក្បាល មានប្រភេទត្រីឆ្ពិន ព្រលូង កាហែ ប្រា និងត្រីកន្ធរ។ល។ រួមទាំងប្រភេ ទវារីសត្វជិតផុតពូជមានដូចជា៖ ត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបផងដែរ ដើម្បីធ្វើឱ្យអាងទឹកនេះសម្បូរទៅដោយពូជមច្ឆជាតិចម្រុះ និងលូតលាស់រីក សាយដល់តំបន់ផ្សេងៗទៀត អាចចរាចរចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។

អាងត្រពាំងថ្ម មានសហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលមានសមាជិកសរុប ២៣០នាក់ និងសហគមន៍នេសាទ ដែលមានអ្នកនេសាទប្រមាណ ៥០០ នាក់ ព្រមទាំងមានកន្លែងអភិរក្សជលផលទំហំ ៣១,២ហិកតា លើផ្ទៃអាងទឹកសរុប ១១៨៩ ហ.ត ដែលសម្បូរទៅដោយត្រីច្រើនប្រភេទដូចជា៖ ត្រីឆ្ពិន តាឱន ឆ្លាំង រ៉ស់ ក្រាញ់ ផ្ទក់ អណ្ដែង ឆ្លូញ ស្លាត ត្រីសណ្ដាយ អន្ទង់និងពស់ព្រលឹត។ល។ហើយប្រភេទត្រីធំៗមានដូចជា៖ ត្រីឆ្តោ សណ្ដាយ ក្រាយជាដើម ។ ក្នុង១ថ្ងៃៗ មានអ្នកនេសាទពី ៣០០ ទៅ៤០០ នាក់ មកពីស្រុកភ្នំស្រុក ស្វាយចេក និងស្រុកថ្មពួក ដោយម្នាក់ៗទទួលបានផលនេសាទជាមធ្យមពី ៣ ទៅ ៥ គីឡូក្រាម ហើយផលនេសាទសរុបជាមធ្យមនេសាទបានប្រមាណ ១,៤០០ គីឡូក្រាមក្នុងមួយថ្ងៃ បានលក់ទៅឱ្យឈ្មួញចាំប្រមូលទិញ ដើម្បីយកទៅលក់បន្ត នៅផ្សារប៉ោយប៉ែត ក្នុងតម្លៃពី ៨ពាន់រៀលទៅ ២០,០០០រៀលក្នុង ១គីឡូក្រាម តាមប្រភេទត្រី និងផលនេសាទមួយចំនួន លក់នៅនឹងកន្លែង ។

រដ្ឋបាលជលផល បានខិតខំសហការយ៉ាងសកម្ម ក្នុងការគ្រប់គ្រងធនធានជលផល ដោយអនុវត្តតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅនៃអនុវិស័យជលផល ដោយបានធ្វើឱ្យប្រជាជនទូទៅ ជាពិសេសអ្នកប្រកបរបរនេសាទជាលក្ខណៈគ្រួសារ អាចធ្វើអាជីវ កម្មបានទូលំទូលាយជាងមុន។ រហូត ដល់បច្ចុប្បន្ននេះ បានបង្កើតសហគមន៍ នេសាទចំនួន៥១៦ ក្នុងនោះសហគមន៍នេសាទទឹកសាបមានចំនួន៤៧៥ ដោយគិតទាំងសហគមន៍នេសាទអាងទឹកត្រពាំងថ្មផងដែរ និងសហគមន៍នេសាទសមុទ្រមានចំនួន ៤១សហគមន៍ ដើម្បីគ្រប់គ្រងធនធានជលផល ឱ្យមាននិរន្តរភាព តាមរយៈការអនុវត្តទិសស្លោក“ សហគមន៍នេសាទគ្មានបទល្មើស” ។

ឯកឧត្ដម រដ្ឋមន្ត្រីបានបន្តទៀតថា លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានយកចិត្តទុក ដាក់ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់ រូបភាពដល់ប្រជាកសិករនិងអ្នកវិនិយោ គដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រីកាត់ បន្ថយការនាំចូលរក្សាបានតុល្យភាព តម្លៃទីផ្សារធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគព្រមទាំងបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់វារីវប្បករដើម្បីបង្កើនប្រាក់ចំណូលផងដែរ។រីឯការរៀបចំកន្លែងអភិរក្សធនធានជលផល សម្រេចបានចំនួន ៦៨២ កន្លែង និងសហគមន៍ស្រះជម្រកត្រីចំនួន ៩១៥ កន្លែង។

សូមរំឭកថា ថ្ងៃទី១ ខែកក្កដា ជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែប្រារព្ធ «ទិវាមច្ឆជាតិ » ជារៀងរាល់ឆ្នាំ ពុំដែលអាក់ខានឡើយ ក្នុងស្មារតីចូលរួមផ្សព្វផ្សាយគ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍ធនធានជលផល ឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ ។

ចាប់តាំងពីឆ្នាំ២០០៣មក «ទិវាមច្ឆជាតិ» ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វពូជ ក្នុងស្រុកប្រមាណ ៥ លានកូនក្នុង១ឆ្នាំ លទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិ ឱ្យកើនឡើងសម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីវិបត្តិជាសាកលនៃជំងឺឆ្លងកូវីដ១៩ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំ «ទិវាមច្ឆជាតិ» ចាប់ពីឆ្នាំ២០២០ មក ទល់ពេលនេះ ។ ទោះជាមានបញ្ហាដូចនេះក្តី ការលែងកូនត្រីទៅក្នុងដែនសហគមន៍ មានលក្ខណៈទ្រង់ទ្រាយតូច គឺអាចប្រព្រឹត្តទៅធម្មតា ។

អាងត្រពាំងថ្ម មានបណ្ដោយពីទិសខាងកើតទៅទិសខាងលិចប្រវែង ១២គីឡូ ម៉ែត្រ និងមានទទឹងពីទិសខាងត្បូងទៅទិសជើងប្រវែង៩គីឡូម៉ែត្រ។ អាចផ្ទុក ទឹកបានប្រមាណជាង ១៨០លានម៉ែត្រគីបសម្រាប់បម្រើលើវិស័យកសិកម្ម នៅស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក។ អាងត្រពាំងថ្ម ជាតំបន់ទេសចរណ៍ និងក៏ជាតំបន់អភិរក្សសត្វស្លាបផងដែរ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner