សហគមន៍ចំនួន៥ នៅឧទ្យានជាតិភ្នំគូលែន កំពុងបានទទួលផលប្រយោជន៍ពីគម្រោង” និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”

ភ្នំពេញ ៖ ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន គឺជាទីតាំងប្រវត្តិសាស្រ្ត និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។នៅទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង។ក្រៅពីនេះក៏មានតំបន់ទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត។

តាមរយៈសក្តានុពលពីតំបន់ប្រវត្តិសាស្រ្ត ក៏ដូចជាអេកូទេសចរណ៍ធម្មជាតិនេះដែរធ្វើឱ្យប្រជាសហគមន៍ជាច្រើននៅលើខ្នងភ្នំគូលែនដែលកាលពីមុននេះអាស្រ័យពឹងពាក់លើធនធានធម្មជាតិដូចជាកាប់ព្រៃឈើ និងបរបាញ់សត្វបានងាកមក ថែរក្សានិងទាញប្រយោជន៍ពីធនធានធម្មជាតិទាំងនេះវិញ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ទៅកាន់ឧឡានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននិងបឹងទន្លេសាបចាប់ពីថ្ងៃទី ២៨-៣០ ខែមិថុនា ឆ្នាំ២០២២ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានបានឱ្យដឹងថា នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននេះមានសហគមន៍ចំនួន ៥ដែលកំពុងទទួលផលប្រយោជន៍ពីគម្រោង” និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”។

លោកបានមានប្រសាសន៍ថាគម្រោងមួយនេះគឺបានសិក្សាទៅលើផ្លូវតភ្ជាប់ ដែលមានទាំងក្នុងសហគមន៍ និងផ្លូវដើរព្រៃ។ក្រៅពីនេះគេកំពុងសិក្សាទៅលើផ្ទាំងដែនទេសភាព ដើម្បីកំណត់ថាតំបន់ណាដែលជាកន្លែងមានសក្តានុពលសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យវិស័យឯកជនចូលមកវិនិយោគ ពិសេសគម្រោងអេកូទេសចរណ៍ខ្នាតតូច ។

លោក ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានបានឱ្យដឹងដែរថា”តាមរយៈគម្រោងនេះយើងនឹងពិនិត្យមើលទៅលើទឹកស្អាត អនាម័យ ។ ជាមួយគ្នាយើងនឹងការគាំទ្រដល់សហគមន៍នានាដើម្បីរៀបចំអេកូទេសចរណ៍កម្រិតសហគមន៍ ដើម្បីសំដៅលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ដូចជា «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ» ស្ថិតក្នុងភូមិអន្លង់ធំ «សហគមន៍ព្រៃធំពពេល»ដែលសហគមន៍ទាំងពីរនេះទទួលបានអនុវត្តគម្រោងគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ដោយទទួលបានប្រយោជន៍ដោយផ្ទាល់ ។ ចំណែក សហគមន៍បីទៀតគឺ«សហគមន៍ព្រៃភ្នំក្ដួច» «សហគមន៍ព្រៃភ្នំម្នាស់» និង «សហគមន៍ជប់តាសុខ» បូករួមនឹង «ចម្ការអភិរក្សដើមគ្រញូង» បានទទួលផលប្រយោជន៍ដោយប្រយោល។

លោក ផាន់ ផុន ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ បានបញ្ជាក់ពីប្រជាពលរដ្ឋក្នុងសហគមន៍បានងាកមកចាប់អារម្មណ៍លើវិស័យទេសចរណ៍ថា ៖ពេលនេះពលរដ្ឋបានរួមគ្នាអភិរក្សធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃ តំបន់ប្រសាទដើម្បីបម្រើលើវិស័យទេសចរណ៍ ។ ពួកគាត់បានអាស្រ័យផលទៅលើវិស័យនេះដូចជា ការចិញ្ចឹសត្វ មាន់ទា ជ្រូក និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍។

លោកបានលើកឡើងដោយពន្យល់ថា៖”ពេលនេះប្រជាសហគមន៍មួយចំនួនធំបានងាកមកចិញ្ចឹមមាន់ ជ្រូកកណ្តុរ និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍។ពេលខ្លះការចិញ្ចឹមរបស់គាត់មិនគ្រប់តម្រូវការរបស់ភ្ញៀវទេសចរណ៍នោះឡើយ”។

លោក ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំបានឱ្យដឹងបន្ថែមថា «ឥឡូវគាត់ការពារព្រៃដើម្បីរកចំណូលម្ដង ប្រែខុសពីមុន! ព្រោះពីមុន កាប់ព្រៃរកចំណូល ឥឡូវគាត់ការពារព្រៃ ដើម្បីរកចំណូលវិញ។

គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួនពីរគឺសហគមន៍ព្រៃធំពពេល និងសហគមន៍ព្រៃធំអន្លង់ធំនៅលើឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែនដោយគម្រោងបានយកចិត្តទុកដាក់ពង្រឹងលើផ្នែកទេសចរណ៍ធម្មជាតិ មានទាំងកិច្ចការងារបដិសណ្ឋារកិច្ច ការនាំភ្ញៀវនិងការអភិរក្សជាដើម ។ លើសពីនេះគម្រោងក៏ជួយឲ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយ:ការចិញ្វឹមសត្វជ្រូកកណ្តុរ ការចិញ្ចឹម មាន់និងឃ្មុំព្រៃផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner