ណាតូ​ពង្រឹង​ខ្លួន​កាន់​តែ​ខ្លាំង​ ខណៈ​បស្ចិម​លោក​ត​ទល់​​នឹង​រុស្ស៊ី​ និង​ចិន​

ស្រប​ពេល​ដែល​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​ ធ្វើ​ឱ្យ​កក្រើក​សន្តិភាព​នៅ​អឺរ៉ុប​ក្រុម​មេ​ដឹក​នាំ​នៃ​អង្គការ​ណាតូ​កាល​ពី​ថ្ងៃ​ពុធ​គូស​បញ្ជាក់​អំពី​ចក្ខុវិស័យ​ថ្មី​ដ៏​រឹង​មាំ​ដែល​ដាក់​ឈ្មោះ​ទីក្រុង​ម៉ូស្គូ​ថា​ជា​សត្រូវ​ចម្បង​របស់​ខ្លួន​​ក្រោយ​ប្រកាស​ហៅ​ចិន​ថា​ជា​ «​បញ្ហា​ប្រឈម​»​យុទ្ធ​សាស្ត្រ​។​​

ក្រុម​មេ​ដឹក​នាំ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​បេសកម្ម​​​ថ្មី​មួយ​​ចេញ​ផ្សាយ​ក្នុង​អំឡុង​​កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ាឌ្រីដ​ថា​៖​​ «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​កាន់​តែ​ស៊ី​ជម្រៅ​រវាង​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ និង​សហព័ន្ធ​រុស្ស៊ី​ និង​ការ​ព្យាយាម​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ពួក​គេ​ប៉ុន​ប៉ង​ដើម្បី​កាត់​បន្ថយ​នូវ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​​ប្រឆាំង​នឹង​តម្លៃ​ និង​ផល​ប្រយោជន៍​របស់​យើង​»។​​​

ក្នុង​ជំហាន​ដ៏​ច្របូក​ច្របល់​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​​ក្រុង​ម៉ាឌ្រីដ​ ដែល​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ប្រធានាធិបតី​ចូ ​បៃដិន​និង​មេ​ដឹក​នាំ​អង្គការ​ណាតូ​ផ្សេង​ទៀត​បាន​ស្វែង​រក​ការ​ឆ្លើយ​តប​ទៅ​នឹង​រុស្ស៊ី​ និង​លោក​ប្រធានាធិបតី​ វ៉្លាឌីមៀរ​ ពូទីន​។​ ​មុន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​បេសកកម្ម​ក្រុម​មេ​ដឹក​នាំ​បាន​អញ្ជើញ​ហ្វាំងឡង់​ និង​ស៊ុយអែត​ឱ្យ​ចូល​រួម​ជាមួយ​ខ្លួន​ ខណ

ៈ​ប្រទេស​ណរឌិក​ទាំង​២​ត្រៀម​ចូល​ជា​សមាជិក​នៃ​​សម្ព័ន្ធយោធា​​។​ ​

លោក ​បៃដិន ​និយាយ​ថា​៖​ «​ក្នុង​ពេល​ដែល​លោក​ពូទីន​បំផ្លាញ​សន្តិភាព​នៅ​អឺរ៉ុប​ និង​វាយ​ប្រហារ​ទៅ​លើ​គោល​ជំហរ​នៃ​សណ្តាប់​ធ្នាប់​ដែល​ផ្អែក​​លើ​ច្បាប់​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​យើង ​​នឹង​ឈាន​ទៅ​មុខ​»។​​​

​អគ្គលេខាធិការ​​អង្គការ​​ណាតូ ​​លោក​​Jens Stoltenberg ​​​ប្រកាស​​​ថា​​ កង​ទ័ព​ថ្មី​រាប់​ពាន់​នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ចំនួន​៨​ នៅ​ប៉ែក​ខាង​កើត​របស់​អង្គការ​ណាតូ​ ខណៈ​លោក​បៃដិន​ថា​​ សហរដ្ឋ​​អាមេរិក​​​​​ក៏​​នឹង​​បង្កើត​​ទី​បញ្ជាការ​កង​ទ័ព​អចិន្ត្រៃយ៍​ថ្មី​មួយ​នៅ​​ប៉ូឡូញ​​​។​

ជំហាន​ថ្មី​ៗ​ចុង​ក្រោយ​របស់​ណាតូ​រួម​ទាំង​គម្រោង​ពង្រឹង​ទំនាក់​ទំនង​ដៃគូ​នៅ​តំបន់​អាស៊ី-បាស៊ីហ្វិក​​បាន​ទាក់​ទាញ​ប្រតិកម្ម​ពី​ចិន​​ដែល​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​តំបន់​អាស៊ី-​​បាស៊ីហ្វិក​ដែល​ខ្លួន​កំពុង​ព្យាយាមព​ង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​ និង​យោធា​។​

ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​​អង្គការ​សហ​ប្រជាជាតិ​ លោក​Zhang Jun ​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ការ​ពង្រីក​ខ្លួន​ទៅ​ភាគ​ខាង​កើត​របស់​ណាតូ​បន្ទាប់​ពី​សង្គ្រាម​ត្រជាក់​ មិន​ត្រឹម​តែ​បរាជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​អឺរ៉ុប​មាន​សន្តិសុខ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​ជម្លោះទៀ​ត​ផង​។​

លោក​Jun​និយាយ​ថា​៖​​«​យើង​ប្រឆាំង​នឹង​ធាតុ​មួយ​ចំនួន​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​របស់​ណាតូ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ឬ​ទម្រង់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ណាតូ​ផ្អែក​លើ​សម្ព័ន្ធ​ភាព​យោធា​។​ ភាព​ចលាចល​នៅ​​ផ្នែក​ខ្លះ​នៃ​ពិភព​លោក​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ​»​។​

ឯក​អគ្គ​រដ្ឋ​ទូត​នៃ​ប្រទេស​ដែល​បដិសេធ​មិន​ថ្កោល​ទោស​រុស្ស៊ី​​ចំពោះ​ការ​ឈ្លាន​ពាន​ប្រទេស​ឯករាជ្យ​អ៊ុយក្រែន​ដដែល​និយាយ​ថា​៖​ «​សុវត្ថិភាព​គឺ​មិន​អាច​បំបែក​បាន​។​​ការ​ពង្រីក​សម្ព័ន្ធ​ភាព​យោធា ​និង​ការ​ស្វែង​រក​សន្តិសុខ​ផ្ទាល់​ខ្លួន​ដោយ​ចំណាយ​​ភាព​អសន្តិសុខ​នៃ​ប្រទេស​ដ៏ទៃ​នឹង​នាំ​ឱ្យ​មាន​បញ្ហា​សន្តិសុខ​ដោយ​ជៀស​មិន​រួច​»។​​​

​​មិន​ខុស​គ្នា​ពី​ចិន ​រុស្ស៊ី​ក៏​មាន​ប្រតិកម្ម​ចំពោះ​ណាតូ​ ដែល​ខ្លួន​ចាត់​ទុក​ថា​មេ​គំរាម​កំហែង​អសន្តិសុខ​ដល់​ប្រទេស​​ ដោយ​ហៅ​ណាតូ​ថា​កំពុង​ទាញ​យក​ «​ឧត្តម​ភាព​»​ របស់​ខ្លួន​ពី​សង្រ្គាម​នៅ​អ៊ុយក្រែន​​។​ ខណៈ​ដែល​កង​ទ័ព​របស់​ខ្លួន​ប្រឹង​សម្រុក​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ដុនបាស​ លោក ​ពូទីន ​បាន​ធ្វើ​ដំណើរ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មួយ​នៅ​ប្រទេស​តួកម៉េនីស្ថាន​ ជា​មួយ​បណ្ដា​ប្រទេស​ជាប់​សមុទ្រ​កាសព្យែន​ចំនួន​៤​ផ្សេង​ទៀត​។​ ​

​​ក្នុង​សុន្ទរកថា​ខ្លី​មួយ​ទៅ​កាន់​​ប្រធានាធិបតី​តួកម៉េនីស្ថាន​កាហ្សាក់ស្ថាន​ អ៊ីរ៉ង់​ និង​អាស៊ែបៃហ្សង់​ លោក​ ពូទីន​​​បាន​និយាយ​អំពី​បញ្ហា​ពាណិជ្ជកម្ម​ ទេសចរណ៍​ ជលផល​ និង​បរិស្ថាន​ជា​ដើម​តែ​មិន​និយាយ​អ្វី​មួយ​ម៉ាត់​អំពី​ណាតូ ​ឬ​អ៊ុយក្រែន​នោះ​ទេ​។​ នេះ​បើ​តាម​ការ​សរសេរ​រៀបរាប់​របស់​កាសែត​ញូវយ៉ក​ថែមស៍។​​

ប៉ុន្តែ​បន្ទាប់​មក​ ក្នុង​សន្និសីទ​កាសែត​ក្រោយកិ​ច្ច​ប្រជុំ​កំពូល​ដដែល​ លោក​ ពូទីន ​បាន​និយាយ​គំរាម​ហ្វាំងឡង់​ និង​ស៊ុយអែត​ជុំ​វិញ​ព័ត៌មាន​ចុង​ក្រោយ​ស្ដី​ពី​ជំហាន​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ក្រោយ​តួកគី​​ព្រម​ព្រៀង​ទម្លាក់​ចោល​ការ​វេតូ​​របស់​ខ្លួន​។​

លោក​ ពូទីន ​និយាយ​ថា​៖​ «​សម្រាប់​ស៊ុយអែត​ និង​ហ្វាំងឡង់​ យើង​គ្មាន​បញ្ហា​ជាមួយ​ដូច​ដែល​យើង​មាន​ជាមួយ​អ៊ុយក្រែន​ទេ​។​បើ​ពួក​​​គេ​​ចង់​​ចូល​​រួម​​ជា​មួយ​​ណាតូ​​ឱ្យ​ពួក​គេ​ធ្វើ​ទៅ​»​។​ លោក​បន្ត​ថា​៖​ «​ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​យល់​ថា​ គ្មាន​ការ​គំរាម​កំហែង​ពី​មុន​មក​ទេ​ ខណៈ​​ដែល​ឥឡូវ​នេះ​ប្រសិន​បើ​ណាតូ​ដាក់​ពង្រាយ​យោធា​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទីនោះ​(​​ហ្វាំងឡង់​ និងស៊ុ​យអែត​)​យើង​នឹង​​ឆ្លើយ​តប​​ និង​បង្កើត​ការ​គំរាម​កំហែង​ក្នុង​រូប​ភាព​ដូច​គ្នា​​ដែល​គេ​ធ្វើ​មក​លើ​យើង​​។​វា​​ជា​​​ការ​​ពិត​​។​​ តើ​​ពួក​​គេ​​មិន​​យល់ឬ​​​យ៉ាង​​ណា​?​»​។

​ជំហាន​របស់​ណាតូ ​ទទួល​ការ​ស្វាគមន៍​ពី​អ៊ុយក្រែន​។​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន ​លោក ​ឌ្មីទ្រី​ គូឡេបា​​ និយាយ​នៅ​លើ​ធ្វីតធឺរ​ថា​៖​ «​យើង​ស្វាគមន៍​ចំពោះ​គោល​ជំហរ​ច្បាស់​លាស់​លើ​​រុស្ស៊ី​ ក៏​ដូច​ជា​ការ​ចូល​ជា​សមាជិក​[​ណាតូ​]​របស់​ហ្វាំងឡង់​ និង​ស៊ុយអែត​។​ ជំហរ​រឹង​មាំ​ និង​សកម្ម​ស្មើ​ភាព​គ្នា​លើ​អ៊ុយក្រែន​ នឹង​ជួយ​ការពារ​សន្តិសុខ​ និង​ស្ថិរភាព​របស់​អឺរ៉ូ​-​អាត្លង់ទិក​។​​

យ៉ាង​ណា​មិញ​ វា​មិន​បាន​រាំង​ខ្ទប់​រុស្ស៊ី​ពី​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ដែល​ខ្វះ​សព្វា​វុធ​ ហើយ​ត្រូវ​​ពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​របស់​​លោក​ខាង​លិច​នោះ​ទេ​។​ ​លោក​​ពូទីន​ក៏​​ហាក់​ដូច​ជា​មិន​រំជើប​រំជួល​​ចំពោះ​ការ​ថ្កោល​ទោស​ និង​ការ​ដាក់​ទណ្ឌកម្ម​ពី​បរទេស​ខណៈ​កង​កម្លាំង​របស់​លោក​បន្ត​ប្រើ​ប្រាស់​កាំភ្លើង​ធំ​កម្រិត​ខ្ពស់​​ដើម្បី​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ ក្នុង​គោល​បំណង​វាយ​យក​តំបន់​ដុនបាស​​​។

ប៉ុន្តែ​វា​គឺ​ជា​ជំហាន​មួយ​ដ៏​ធំ​ ដែល​លោក​ប្រធានាធិបតី​ បៃដិន ​ថា​សហរដ្ឋ​​អាមេរិក​​​​នឹង​​បន្ថែម​​កង​​កម្លាំង​​រហូត​​ដល់​​ ១០០ ០០០​​នាក់​​​​​​នៅ​​ទ្វីប​​អឺរ៉ុប​ខណៈ​មេ​​ដឹក​​នាំ​​ណាតូ​​​​យល់​​ព្រម​លើ​ការ​​ឆ្ពោះ​​​ទៅ​​រក​​ការ​​ពង្រាយ​​កម្លាំង​​ទ័ព​​ប្រុង​​ជើង​ការ​​ខ្ពស់​​ជាង​​៣០០ ០០០ ​​​​នាក់​ដើម្បី​​​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​របស់​រុស្ស៊ី​។ ​

អគ្គ​លេខាធិការ​​អង្គការ​​ណាតូ​​លោក​ Stoltenberg ​​និយាយ​ក្នុង​កិច្ច​ប្រជុំ​នាទី​ក្រុង​ម៉ាឌ្រីដ​ថា​​​សង្រ្គាម​​របស់​​​លោក​​ពូទីន​ ប្រឆាំង​នឹង​អ៊ុយក្រែន​«បាន​បំផ្លាញ​សន្តិភាព​នៅ​អឺរ៉ុប​ និង​​បង្កើត​វិបត្តិ​សន្តិសុខ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប​ ចាប់​តាំង​ពី​សង្រ្គាម​លោក​លើក​ទី​២​។​ ណាតូ​បាន​ឆ្លើយ​តប​ដោយ​កម្លាំង​ និង​ការ​ឯកភាព​»​។​​

ក្រុម​អ្នក​វិភាគ​​និយាយ​ថា​ ការ​ដាក់​ពង្រាយ​កង​ទ័ព​ថ្មី​​ជំរុញ​ទស្សនៈ​ដែល​អូស​បន្លាយ​ជា​យូរ​មក​ហើយ​នៅក្នុ​ង​ប្រទេស​ប៉ូឡូញ​ និង​បណ្ដា​រដ្ឋ​បាល់ទិក​ដែល​ថា​ ណាតូ​ចាំ​បាច់​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ធានា​តំបន់​នេះ។​​

លើស​ពី​នោះ​ អ្នក​ស្រី​Rachel Rizzo ​អ្នក​ជំនាញ​ជាន់​ខ្ពស់​នៅ​ក្រុម​ប្រឹក្សា​អាត្លង់ទិក​ ​និយាយ​​ប្រាប់​កាសែត ​Financial Times ​ថា​៖​ «​សហរដ្ឋ​អាមេរិក​ រួម​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ ​ពិត​ជា​កំពុង​ព្យាយាម​រក​វិធី​មិន​ត្រឹម​តែ​ធានា​ដល់​សម្ព័ន្ធ​មិត្ត​ភាគ​ខាង​កើត​របស់​អង្គការ​ណាតូ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ប្រាកដ​ថា​ វត្តមាន​ទៅ​មុខ​ និង​វិធាន​ការ​ទប់​ស្កាត់​​តំបន់​នោះ​ខ្លាំង​គ្រប់​គ្រាន់​ ដែល​អាច​ទប់​ទល់លោ​ក​ពូទីន​ដោយ​គ្រប់​គ្រាន់​ និង​​ជោគ​ជ័យ​»​។​​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner