រុស្ស៊ីគំរាមសងសឹក ជុំវិញការហាមដឹកទំនិញតាមរយៈកោះនៅអាកទិករបស់ប្រទេសន័រវេស

អត្ថបទដោយ៖
AMS OneMinute

រុស្ស៊ីចោទប្រកាន់ន័រវេសពីបទរារាំងទំនិញដែលផ្គត់ផ្គង់សម្រាប់ប្រជាជនរុស្ស៊ីនៅលើប្រជុំកោះ Svalbard នៅមហាសមុទ្រអាកទិក ហើយគំរាមចេញ “វិធានការសងសឹក” លុះត្រាតែរដ្ឋាភិបាលក្រុងអូស្លូដោះស្រាយបញ្ហានេះ។

ក្រសួងការបរទេសរុស្ស៊ីនិយាយថា ការរឹតបន្តឹងរបស់ន័រវេសបានរំខានដល់ការងាររបស់អគ្គកុងស៊ុលរុស្ស៊ីនៅលើកោះ Spitsbergen ដែលជាកោះដ៏ធំបំផុតនៃប្រជុំកោះ Svalbard និងជាកន្លែងជីកយករ៉ែធ្យូងថ្មរបស់រុស្ស៊ីនៅទីនោះ។ រថយន្តដឹកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ដទៅកាន់កោះ Spitsbergen បានជាប់គាំងនៅតាមព្រំដែន។

រដ្ឋមន្ត្រីការបរទេសន័រវែស អ្នកស្រីAnniken Huitfeldt បាននិយាយថា “ន័រវេសមិនបំពានលើសន្ធិសញ្ញារាប់រយឆ្នាំនោះទេ។ ការបញ្ឈប់ការដឹកជញ្ជូននៅព្រំដែនន័រវេស-រុស្ស៊ី ឈរលើមូលដ្ឋាននៃទណ្ឌកម្មដែលហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោកដោយក្រុមហ៊ុនរុស្ស៊ីប៉ុណ្ណោះ”។

ប្រជុំកោះ Svalbard ដែលស្ថិតនៅចំកណ្តាលរវាងឆ្នេរភាគខាងជើងរបស់ន័រវេស និងប៉ូលខាងជើង គឺជាផ្នែកមួយនៃប្រទេសន័រវេស ប៉ុន្តែប្រទេសរុស្ស៊ីមានសិទ្ធិក្នុងការទាញយកធនធានធម្មជាតិលើប្រជុំកោះក្រោមសន្ធិសញ្ញាឆ្នាំ១៩២០ ហើយប្រជាជនដែលតាំងទីលំនៅនៅទីនោះភាគច្រើនជាជនជាតិរុស្ស៊ី។

https://www.aljazeera.com/news/2022/6/29/russia-threatens-retaliation-against-norway-over-artic-access

ads banner