សម្ដេចតេជោ ហ៊ុន សែន ៖ ហេតុអ្វីបានជាយើងត្រូវប្រលែងកូនត្រី
បន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំនួរថា ហេតុអ្វីបានជាយើងត្រូវប្រលែងកូនត្រី? សម្ដេចថា ការប្រលែងកូនត្រីគឺជាការចាំបាច់ដើម្បីឲ្យធនធានត្រីរបស់យើងមានការកើនឡើងសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ហេតុអ្វីបានជាយើងត្រូវប្រលែងកូនត្រី? សម្ដេចថា ការប្រលែងកូនត្រី គឺជាការចាំបាច់ ដើម្បីឱ្យធនធានត្រីរបស់យើង មានការកើនឡើងសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ។ សម្ដេចក៏បានបញ្ជាក់ជាមុនដែរថា ព្រលែងកូនត្រី មិនមែនធ្វើតែថ្ងៃទី០១កក្កដានោះទេ ប្រលែងពេលណាក៏បានដែរ ប្រលែងរាល់ថ្ងៃក៏បានដែរ ឱ្យតែមានកូនត្រីព្រលែង ហើយមានទឹកដើម្បីព្រលែងតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលយើងធ្វើពិធីនោះ គឺជាពិធីនិមិត្តរូបអំពីយុទ្ធនាការនៃការព្រលែងកូនត្រីនៅក្នុងបឹង ក្នុងស្រះ ក្នុងត្រពាំង ដែលយើងមានលទ្ធភាពព្រលែង ដើម្បីទទួលបានត្រឡប់មកវិញនូវចំណីអាហារសម្រាប់ប្រជាពលរដ្ឋរបស់យើង ។
សម្ដេចតេជោ ក៏បានលើកឡើងពីការដាំកូនឈើផងដែរ ដោយថា ការដាំកូនឈើ មិនមែនដាំត្រឹមតែថ្ងៃទី០៩ កក្កដាមួយថ្ងៃហ្នឹងទេ ដាំរាល់ថ្ងៃ ដាំគ្រប់កន្លែងតាមដែលអាចធ្វើទៅបាន។
សម្ដេចបន្តថា ប្រទេសយើង បន្ទាប់ពីមានសន្តិភាព យើងកាន់តែមានលទ្ធភាព ដើម្បីធ្វើកិច្ចការងារនោះ យើងត្រូវយល់ដឹងថា ប្រទេសរបស់យើង មានស្ថានភាពមិនដូចកាលពីពេលមុនទេ ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនមែនចិត្តតិរច្ឆាន ហើយយើងជាមនុស្សពិតប្រាកដ ដែលមិនរស់នៅដោយអំពើឈ្នានីស យើងត្រូវតែគិតថា កាលពីសម័យមុនដែលខ្មែរយើងនិយាយថា “មានទឹក មានត្រី” ប៉ុន្តែកាលពីសម័យមុន យើងត្រូវដឹងថា “ប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន” ។ នេះជារឿងពិតនៅក្នុងប្រទេសរបស់យើង នៅសម័យកាលមុន ប្រជាជនខ្មែររបស់យើង មានមនុស្សប្រមាណជា ១លាននាក់តែប៉ុណ្ណោះ ហើយបន្តបន្ទាប់មកដល់ដំណាក់កាលក្នុងទសវត្សរ៍ ៦០ ផ្លាយមុនឆ្នាំ១៩៧០ យើងគិតថា ប្រជាពលរដ្ឋរបស់យើងមានត្រឹមតែ ៦ , ៧លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនោះ ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ដល់ឥឡូវនេះ ទឹករាក់ ត្រីតិច ប្រជាជនច្រើន, នេះជាចំណុចខុសគ្នានៅត្រង់កន្លែងហ្នឹង ។
សម្ដេចបន្ថែមថា បើសិនជាយើងជាសារធាតុជាមនុស្ស ដែលយើងគិត ហើយមិនមានការកេងចំណេញខាងនយោបាយណាមួយ យើងត្រូវទទួលស្គាល់នូវការពិត ដែលបានកើតឡើង ៕ ដោយ វណ្ណលុក