សម្តេចតេជោ ហ៊ុន សែន ៖ ប៉ុន្មានថ្ងៃនេះ ត្រីមានការឡើងថ្លៃ សាច់ជ្រូក សាច់មាន់កសិកម្មចុះថោក តែមាន់ស្រែឡើងថ្លៃ
បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប៉ុន្មានថ្ងៃមកនេះ ត្រីមានការឡើងថ្លៃ សាច់ជ្រូក សាច់មាន់កសិកម្មចុះថោក តែមាន់ស្រែក៏ឡើងថ្លៃដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ ត្រីឡើងថ្លៃ ត្រីរស់ ត្រីក្រាញ់ និងត្រីអណ្តែង ឡើងថ្លៃ តែថ្លៃសាច់ជ្រូក សាច់មាន់កសិកម្មចុះថោក រីឯមាន់ស្រែឡើងថ្លៃ ។
សម្ដេចថា ខ្មែរម័យមុន ស៊ីយ៉ាងណាឱ្យតែឆ្អែត តែពេលនេះអត់ទេ ពួកគេស៊ីឱ្យឆ្អែត និងឱ្យឆ្ងាញ់ តាមលទ្ធភាព ។ សម្ដេចតេជោ បានបន្តទៀតថា គ្មានការហាមឃាត់ការហូបចុកនោះទេ អញ្ចឹងទេ បានជាយើងប្រើវិធានការព្រលែងកូនត្រីឱ្យបានច្រើន ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រុញឱ្យមានការចិញ្ចឹមត្រីបន្ថែមទៀតផងដែរ ៕ ដោយ វណ្ណលុក