ក្នុងខែមិថុនា ឆ្នាំ២០២២ ប៉ាគីស្ថានរឹបអូសបានថ្នាំញៀនជិត ៨ពាន់គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ ៦៨នាក់
អ៊ីស្លាម៉ាបាដ ៖ កងកម្លាំងប្រឆាំងគ្រឿងញៀនប៉ាគីស្ថាន (ANF) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ជាក់ថា ខ្លួនរឹបអូសបានថ្នាំញៀនចំនួន ៧,៧៩២គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យបានចំនួន ៦៨នាក់ក្នុងខែមិថុនា ឆ្នាំ២០២២។
កងកម្លាំង ANF បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមរបស់ខ្លួនបានធ្វើប្រតិបត្តិការប្រឆាំងគ្រឿងញៀនចំនួន ៧៩លើកនៅទូទាំងប្រទេស ដោយបន្ថែមថាអ្នកដែលត្រូវបានឃាត់ខ្លួនរួមមានស្ត្រី៣នាក់ និងជនបរទេស២នាក់។ បើតាមកងកម្លាំង ANF គ្រឿងញៀនដែលរឹបអូសបានរួមមានប្រភេទ ហេរ៉ូអ៊ីន ហាស៊ីស អាភៀន ម័រហ្វីន អំហ្វេតាមីន កេតាមីន ម្ស៉ៅស្ពាន់ធ័រ និងមេតំហ្វេតាមីន។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ករណីទាំងនេះត្រូវបានចុះបញ្ជីនៅប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នករត់ពន្ធថ្នាំញៀន ស្របពេលដែលកំពុងបើកដំណើរការស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត។
កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ លេខាធិការក្រសួងគ្រប់គ្រងគ្រឿងញៀនប៉ាគីស្ថាន លោក ហ៊ូម៉ៃរ៉ា អាម៉េដ (Humaira Ahmed) បាននិយាយថា ការរឹបអូសគ្រឿងញៀនរបស់ប្រទេសប៉ាគីស្ថានត្រូវបានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមអនុវត្តគោលនយោបាយប្រឆាំងគ្រឿងញៀនថ្មីរបស់ខ្លួន ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា