មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

សៀមរាប ៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងកាត់បន្ថយភាពក្រីក្រ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅសាលប្រជុំសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានល្អប្រសើរថែមទៀត។

កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយមានវត្តមាន លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប លោក ភន់ សុខុម អភិបាលរងស្រុកបន្ទាយស្រី លោក នឿយ សុខនាម ប្រធានការិយាល័យការពារផ្លូវច្បាប់ នៃមន្ទីរកិច្ចការនារីខេត្ត និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូប្រជាពលរដ្ឋ សិស្សានុសិស្សសរុបចំនួនប្រមាណ ២២០នាក់ ស្រី ១៣១នាក់ ។

លោក លឹម ភក្តី បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការបំពេញការងាររបស់ខ្លួន ជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប កន្លងមក ។ ចំពោះការងាររបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺជាវិស័យដែលមិនអាចខ្វះបាន ដើម្បីធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល សំដៅដល់ការទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបម្រើប្រជាពលរដ្ឋ និងបង្កើនជំនឿជឿជាក់មកលើរាជរដ្ឋាភិបាល។ ជាពិសេស តម្រូវឲ្យមន្ត្រីអធិការកិច្ចត្រូវបន្តពង្រឹងសមត្ថភាព ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញតម្លាភាព និងគណនេយ្យភាព និងរៀបចំអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសមត្ថភាពឱ្យបានទូលំទូលាយ ដោយឈរលើគោលការណ៍ស្មោះត្រង់ និងយុត្តិធម៌ ដើម្បីធានានូវប្រសិទ្ធភាព នៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក បានបង្ហាញទៀតថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន យើងក៏ត្រូវពង្រឹងការងារផ្សព្វផ្សាយ អបរំផ្នែកប្រព័ន្ធច្បាប់ឲ្យបានទូលំទូលាយនៅតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាប។ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ជាដើម។ ការផ្សព្វផ្សាយច្បាប់នេះ វាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាដែរ។ ប្រជាពលរដ្ឋរស់នៅត្រូវមានច្បាប់ជាគោលទៅលើការគ្រប់គ្រងដីធ្លីដែលអាចនាំឱ្យយើងទទួលបានកម្មសិទ្ធិស្របច្បាប់ជាចាំបាច់។

លោក បានស្នើសុំដល់អាជ្ញាធរភូមិឃុំ និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាជួយរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋផង នៅពេលដែលពួកគាត់មានបញ្ហាកើតឡើងក្នុងគ្រួសារក្តី ឬក៏ជាមួយអ្នកដទៃក្តី បើកើតហេតុនៅកន្លែងណាហើយ យើងជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ ត្រូវរកដំណោះស្រាយជូនពួកគាត់ភ្លាមៗទៅ មិនចាំបាច់ទៅប្តឹងឯណេះ ទៅប្តឹងឯណោះទេ វាខាតពេលហើយ គឺអស់ទាំងលុយកាក់ថែមទៀត៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner