អគ្គលេខាធិការគណៈវិស្វករកម្ពុជា ជំរុញដល់និស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម ចូលរួមប្រកួតប្រជែងការរចនាប្លង់ ដោយបញ្ចូល ភាពងាយស្រួលជូនជនមានពិការភាព មុនពេលសាងសង់អគារ ឬសំណង់ផ្សេងៗ (Video inside)

ភ្នំពេញ៖ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានជំរុញដល់និស្សិត ផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម ចូលរួមប្រកួតប្រជែងការរចនាប្លង់ ដោយ បញ្ចូលភាពងាយស្រួលជូនជនមានពិការភាព មុនពេលសាងសង់ អគារ ឬសំណង់ផ្សេងៗ។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា កាលពីថ្ងៃទី០១ ខែកក្កដា នៅ ក្នុងសិក្ខាសាលាផ្សព្វផ្សាយមួយស្តីពី “បទដ្ឋានបច្ចេកទេស និងការ ប្រកួតប្រជែងការរចនា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈ ងាយ ស្រួល សម្រាប់ជនមានពិការភាព“ នៅសាលប្រជុំវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា សកម្មភាព ជនពិការ និងលេខាទូតទី២ ប្រទេសអូស្ត្រាលីប្រចាំកម្ពុជា, លោកប្រធានគ្រប់គ្រងប្រចាំប្រទេស នៃអង្កការជនពិការអន្តរជាតិ (ACCESS) ប្រចាំកម្ពុជា រួមទាំងតំណាងអង្គការពាក់ព័ន្ធ និងសិក្ខាកាម ជានិស្សិតមកពី ៤សាកលវិទ្យាល័យក្នុង រាជធានីភ្នំពេញ។

ឯកឧត្តម សុខុម រិទ្ធីវុធ បានលើកឡើងថា៖ ការរៀបចំសិក្ខាសាលា នាពេលនេះ ដើម្បីឱ្យនិស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម មានការ ចូលរួមបញ្ចេញសមត្ថភាព ស្នាដៃ និងការច្នៃប្រឌិតរបស់ ក្មួយៗនៅ តាមមហាវិទ្យាល័យ ដើម្បីចូលរួមប្រកួតប្រជែងការរចនាប្លង់ ដោយ បញ្ចូលភាពងាយស្រួល ជូនជនមានពិការភាពមុន ពេលសាងសង់អគារ ឬសំណង់ផ្សេងៗនៅទីសាធារណៈ និងលក្ខខណ្ឌនៃការជ្រើសរើស ចូលរួមការប្រកួតប្រជែង ដើម្បីសម្រេចបាននូវការគិតគូរ និងអំពី តម្រូវការចាំបាច់របស់ជនមានពិការភាព ។
ឯកឧត្តមបន្តថា ប្រទេសកម្ពុជាយើង បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាក ជាច្រើនដល់សង្គមជាតិ ក្នុងនោះជនពិការមានអត្រាខ្ពស់ដូចជា៖ បន្សល់ពីសង្គ្រាមច្រើនទស្សវត្យ, គ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះថ្នាក់ការងារ, កង្វះអាហារូបត្ថម្ភ, ជំងឺដង្កាត់ និងពិការដោយសារមូលហេតុផ្សេងៗ ធ្វើឱ្យចំនួនជនពិការមានការកើនឡើង។ ជនពិការភាគច្រើនជា គ្រួសារក្រីក្រ និងងាយរងគ្រោះជាងគេក្នុងសង្គម ។ ផ្អែកតាម រដ្ឋធម្មនុញ្ញរបស់កម្ពុជា, កម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានបង្កើត ឱ្យមានច្បាប់ស្ដីពីកិច្ចការពារ និងការលើកកម្ពស់សិទ្ធជនពិការ ទទួលបានការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្យនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ និងអនុសញ្ញាអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារយ៉ាងសកម្ម ដើម្បីភាពងាយស្រួលរបស់ជនមានពិការរភាព។

ឯកឧត្តម អគ្គលេខាធិការ បានឱ្យដឹងដែរថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិ មានបេសកម្ម ប្រមូលផ្ដុំធនធាន បញ្ញាវន្តវិស្វករ គ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន គណៈវិស្វករកម្ពុជា បានចុះបញ្ជីវិស្វករចំនួន ៦,៥០៨នាក់ ស្រីចំនួន ២៦០នាក់ វិស្វករបរទេសចំនួន ៩១នាក់ ដែលក្នុនោះមានវិស្វករអាជីពចំនួន ៨៥៦នាក់ យុវវិស្វករចំនួន ២៣៦នាក់ វិស្វករអាស៊ានចំនួន ៥០៦នាក់ និងវិស្វករអាជីពឆ្នើម អាស៊ានចំនួន ៨៨នាក់។ លទ្ធផលនេះ បានមកពីការគាំទ្រដ៏ថ្លៃថ្លា ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃគណៈវិស្វករកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ទើបអគ្គលេខាធិការដ្ឋាន មានឱកាសពេញលេញក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយទទួលបានលទ្ធផលល្អដូចពេលនេះ។

ឯកឧត្តម បានបន្តទៀតថា គណៈវិស្វករកម្ពុជា កំពុងស្ថិតលើផ្លូវមួយ ដែលនឹងត្រូវបន្តរហូតសម្រេចគោលដៅរបស់ខ្លួន គឺការប្រមូលផ្តុំវិស្វករ គ្រប់គ្រង និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែប្រសើឡើង ស្របនឹងតម្រូវការនៃការវិវឌ្ឍសង្គមសេដ្ឋកិច្ច និងចរន្តសមារណកម្មសេវាកម្មឆ្លងដែន។ លក្ខណៈសម្បត្តិពិសេស របស់គណៈវិស្វករកម្ពុជានោះ គឺ ជាស្ពានសម្រាប់ភ្ជាប់វិស្វករអាជីពជាតិ ឱ្យទទួលបានគោរម្យងារជាវិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន និងឈានទៅសមាហរណកម្មសាវាកម្មវិស្វកម្មក្នុងតំបន់ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner