ដំណើរទស្សនកិច្ចការងារលើកទីពីរនៅមីយ៉ាន់ម៉ារបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ចប់ហើយ

ភ្នំពេញ៖ ដំណើរទស្សនកិច្ចការងារលើកទីពីររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នៅមីយ៉ាន់ម៉ាបានបញ្ចប់ហើយ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ហើយបានបន្តធ្វើដំណើរទៅកាន់ទីក្រុងបាកាន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា “លើកនេះ ខ្ញុំបានស្ទាប់ស្ទង់សភាពការណ៍ក្នុងស្រុកបានកាន់តែច្រើន ដោយផ្អែកលើការផ្លាស់ប្តូរយោបល់ជាមួយតួអង្គផ្សេងៗស្តីពីវឌ្ឍនភាព និងឧបសគ្គនានាជុំវិញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច”។ នេះបើយោងតាមហ្វេសប៊ុក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានបញ្ជាក់ថា “ក្នុងរយៈពេលបួនថ្ងៃនេះ យើងបានផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចខិតខំគាំទ្រមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កត្តាទាំងនេះនឹងចូលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងស្នូលនៃ «កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា» នៅភ្នំពេញ កាលពីដើមខែឧសភានេះ។ ខ្ញុំក៏បានបន្តជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងធ្វើការចរចាសម្របសម្រួលបន្ថែមទៀត ដោយសារនេះគឺជាមាគ៌ាជាក់ស្តែងបំផុតដើម្បីវិលទៅរកភាពប្រក្រតី ព្រមទាំងស្វែងរកនូវសន្តិភាព និងស្ថិរភាពយូរអង្វែង។”

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមថា នឹងបានយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ និងប្រជាជនមីយ៉ាន់ម៉ា កាន់តែច្រើនជាងមុន ខណៈដែលថ្ងៃស្អែកខ្ញុំនឹងត្រូវបន្តធ្វើដំណើរទៅកាន់ទីក្រុងបាកានដ៏អស្ចារ្យ ហើយក៏ជាតំបន់បេតិកភណ្ឌពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧។

សូមជម្រាបថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ អញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ។

ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរ ការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner