សន្និសិទអន្តរជាតិនៅស្វីស នឹងពិភាក្សាអំពីជំនួយស្តារប្រទេសអ៊ុយក្រែនឡើងវិញ ក្រោយការឈ្លានពានពីរុស្ស៊ី

កៀវ ៖ ក្រុមប្រតិភូអន្តរជាតិនឹងប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីវិធីសាស្រ្តជួយអ៊ុយក្រែនឱ្យងើបឡើងវិញពីការខូចខាតដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលមកពីការឈ្លានពានរបស់កងទ័ពរុស្ស៊ី។ សន្និសិទអន្តរជាតិខាងលើនេះ នឹងប្រព្រឹត្តទៅនៅទីក្រុង លូហ្គាណូ (Lugano) ភាគខាងត្បូងប្រទេសស្វីស ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយវានឹងត្រូវរៀបចំរួមគ្នាដោយរដ្ឋាភិបាលអ៊ុយក្រែន និងស្វីស។

រដ្ឋាភិបាលស្វីសបានបញ្ជាក់ថា សន្និសីទរយៈពេលពីរថ្ងៃនេះនឹងប្រមូលផ្តុំគណៈប្រតិភូរដ្ឋាភិបាលមកពី៤០ប្រទេស រួមមានទាំងជប៉ុន សហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប ខណៈគណៈប្រតិភូដែលពាក់ព័ន្ធជាមួយសហភាពអឺរ៉ុប មន្ត្រីធនាគារពិភពលោក និងតំណាងអង្គការអន្តរជាតិផ្សេងទៀតក៏នឹងចូលរួមផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថានៅក្នុងសន្និសីទតាមអ៊ីនធើណិតនៅថ្ងៃចន្ទដដែលនេះ។

លោកទំនងជានឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារប្រទេសអ៊ុយក្រែនឡើងវិញ។ អ៊ុយក្រែនក៏គ្រោងនឹងបង្ហាញផែនការស្តារប្រទេសឡើងវិញជាលើកដំបូង ដោយរដ្ឋាភិបាលផ្សេងទៀតរំពឹងថា នឹងប្រកាសកម្មវិធីគាំទ្ររបស់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ។

រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយកាលពីខែមុនថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសខ្លួន ដោយសារការលុកលុយរបស់រុស្ស៊ី មានទឹកប្រាក់កើនឡើងដល់ ១០៤ពាន់លានដុល្លារ។ អ៊ុយក្រែនត្រូវបានគេជឿថា កំពុងស្វែងរកការទទួលបានជំនួយអន្តរជាតិរយៈពេលវែង ខណៈដែលគំនិតផ្តួចផ្តើមការស្ដារឡើងវិញតម្រូវឱ្យមានមូលនិធិដ៏ច្រើនសន្ធឹកសន្ធាប់។ ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងកៀវក៏នឹងព្យាយាមប្រើប្រាស់សន្និសីទអន្តរជាតិដើម្បីរំលឹកទីក្រុងម៉ូស្គូថា អ៊ុយក្រែន និងប្រទេសលោកខាងលិចមានការរួបរួមគ្នាកាន់តែខ្លាំងឡើងលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner