ប្រទេសកុងហ្គោបានចោទប្រកាន់ប្រទេសរវ៉ាន់ដា ថាបានគាំទ្រក្រុមឧទ្ទាម M23 ដែលបានសម្លាប់ជនស៊ីវិលនៅក្នុងការវាយប្រហារថ្មីៗ និងដណ្តើមបានទីក្រុងពាណិជ្ជកម្មឆ្លងព្រំដែន

អត្ថបទដោយ៖
AMS OneMinute

ប្រទេសកុងហ្គោបានចោទប្រកាន់ប្រទេសរវ៉ាន់ដា ថាបានគាំទ្រក្រុមឧទ្ទាម M23 ដែលបានសម្លាប់ជនស៊ីវិលនៅក្នុងការវាយប្រហារថ្មីៗ និងដណ្តើមបានទីក្រុងពាណិជ្ជកម្មឆ្លងព្រំដែន ថែមទាំងបណ្តាលឱ្យមនុស្សជាង ២៥ ០០០នាក់ត្រូវភៀសខ្លួន ហើយទំនងជាបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អង្គការសហប្រជាជាតិ ដោយបានសម្លាប់កងកម្លាំងរក្សាសន្តិសុខចំនួន ៨នាក់ថែមទៀតផង។

បើទោះជាប្រទេសរវ៉ាន់ដាបានបដិសេធមិនគាំទ្រក្រុមឧទ្ទាមក្ដី ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹង ហើយមន្ត្រីកុងហ្គោម្នាក់ថែមទាំងបានប្រកាសថា បើរវ៉ាន់ដាចង់ធ្វើសង្គ្រាម នោះសង្គ្រាមនឹងកើតមានតាមការចង់បាន។

កាលពីពាក់កណ្តាលខែមិថុនា ប្រធានាធិបតីកុងហ្គោលោក Felix Tshisekedi បានផ្អាកកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសរវ៉ាន់ដា ហើយបានចោទប្រកាន់ប្រទេសនេះថាចង់កាន់កាប់ដីរបស់កុងហ្គោដើម្បីរកប្រាក់ចំណេញពីទ្រព្យសម្បត្តិរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន។

អំពើហិង្សារវាងប្រទេសទាំងពីរបានចាប់ផ្ដើមឡើងជាមួយនឹងការប្រល័យពូជសាសន៍រវ៉ាន់ដាក្នុងឆ្នាំ១៩៩៤ នៅពេលដែលមនុស្សជាង១លាននាក់នៃក្រុមជនជាតិភាគតិចHutu ភៀសខ្លួនពីរវ៉្វាន់ដាទៅកុងហ្គោ។ ក្នុងចំណោមពួក Hutus មានឧក្រិដ្ឋជនប្រល័យពូជសាសន៍ជាច្រើនដែលទទួលខុសត្រូវលើការសម្លាប់ជនជាតិ Tutsis រាប់លាននាក់។

នៅឆ្នាំ១៩៩៦ រវ៉ាន់ដាបានលុកលុយកុងហ្គោ ហើយគាំទ្រការបះបោរដែលនាំទៅដល់ការផ្ដួលរំលំរដ្ឋធានី Kinshasa របស់កុងហ្គោ រហូតដល់មេដឹកនាំយូរឆ្នាំរបស់ប្រទេសលោក Mobutu Sese Seko ដែលគាំទ្រដោយសហរដ្ឋអាមេរិកត្រូវបង្ខំនិរទេសខ្លួន។ ចាប់ពីពេលនោះមក ភាគខាងកើតកុងហ្គោ គឺជាកន្លែងបង្ហូរឈាមសម្រាប់ក្រុមប្រដាប់អាវុធ។

ប៉ុន្តែលើសពីនេះ ក៏មានបញ្ហាជាប់ទាក់ទងនឹងការចោទប្រកាន់របស់កុងហ្គោលើកំណប់ទ្រព្យរ៉ែរបស់ខ្លួន ដែលរដ្ឋាភិបាលរវ៉្វាន់ដាតែងបដិសេធ។ របាយការណ៍ឆ្នាំ២០១៨ចេញផ្សាយដោយក្រុមអ្នកជំនាញអង្គការសហប្រជាជាតិប្រចាំកុងហ្គោនិយាយថា៖ “មួយភាគធំនៃមាសដែលជួញដូរដោយអ៊ូហ្គង់ដា និងរវ៉ាន់ដាត្រូវបានលួចបន្លំពីប្រទេសជិតខាង រួមទាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ”។

ads banner