សហរដ្ឋអាមេរិក កំពុងពិចារណាផ្តល់ការហ្វឹកហ្វឺន ដល់យោធាអ៊ុយក្រែន

កៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនលោកស្រី ប្រ៊ីដហ្គេត ប្រ៊ីង (Bridget Brink) ថា សហរដ្ឋអាមេរិកកំពុងពិចារណាពីលទ្ធភាពនៃការផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងយោធាអ៊ុយក្រែន ។

លោកស្រី ប្រ៊ីង បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនថា ខ្ញុំមិនអាចប្រាប់ពីចំនួនពិតប្រាកដ ឬផែនការនេះនោះទេ ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថា ខ្ញុំបាននិយាយអំពីវាជាមួយមន្ត្រីមកពីមន្ទីរបញ្ចកោណ ។ លោកស្រីបន្តថា បន្ថែមលើនេះ សហរដ្ឋអាមេរិកក៏កំពុងធ្វើការលើការផ្តល់ជំនួយបន្ថែមដល់ទីក្រុងកៀវ ដើម្បីពង្រឹងជំហររបស់អ៊ុយក្រែននៅលើតំបន់ជួរមុខ។

កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែនបានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយការពារជាតិមានតម្លៃ ៤.៦ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ។

ដោយឡែកកាលពីថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡិចស៊ី រ៉េសនីកូវ បាននិយាយថា ប្រទេសរបស់លោកក៏បានទទួលប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS) ពីសហរដ្ឋអាមេរិកផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner