អ៊ុយក្រែនស្នើប្រើទ្រព្យសម្បត្តិរុស្ស៊ី ដែលរឹបអូសបាន ដើម្បីកសាងប្រទេសខ្លួន ឡើងវិញក្រោយបញ្ចប់សង្គ្រាម

ប៊ែន៖ រដ្ឋាភិបាលអ៊ុយក្រែនបានធ្វើការប៉ាន់ប្រមាណការចំណាយលើការកសាងប្រទេសឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមានចំនួន ៧៥០ពាន់លានដុល្លារអាមេរិក។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ បានបង្ហាញផែនការស្តារប្រទេសឡើងវិញនេះ នៅក្នុងសន្និសីទអន្តរជាតិនៅទីក្រុងលូហ្គាណូ ភាគខាងត្បូងប្រទេសស្វីស នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។

នាឱកាសនោះដែរ លោក ស្ម៊ីហាល់ បានស្នើថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅលោកខាងលិច និងប្រទេសដទៃទៀត ដែលជាផ្នែកនៃទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ គួរតែត្រូវបានប្រើប្រាស់ដើម្បីកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ ផែនការខាងលើនេះចែកចេញជាបីដំណាក់កាល ដោយដំណាក់កាលទី១ ពាក់ព័ន្ធនឹងការកសាងឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្សែជីវិត រួមទាំងការផ្គត់ផ្គង់ទឹក និងស្ពាន បន្ទាប់មកការកសាងឡើងវិញនូវសាលារៀន និងមន្ទីរពេទ្យ។ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា បន្ទាប់មក ខ្លួននឹងទទួលយកបញ្ហាប្រឈមរយៈពេលវែង រួមទាំងវិធីធ្វើឱ្យសេដ្ឋកិច្ចវិលមករកប្រក្រតីភាពឡើងវិញក្នុងលក្ខណៈដែលមិនប៉ះពាល់ដល់បរិស្ថាន។

គួរបញ្ជាក់ថា សន្និសិទអន្តរជាតិស្តីពីការស្តារអ៊ុយក្រែនឡើងវិញ បានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន ៤០ រួមទាំងសហភាពអឺរ៉ុប ធនាគារពិភពលោក និងស្ថាប័នអន្តរជាតិផ្សេងទៀត។ នៅថ្ងៃចុងក្រោយនៃសន្និសីទនៅថ្ងៃអង្គារនេះ តំណាងមកពីប្រទេសដែលចូលរួមនឹងប្រកាសអំពីផែនការគាំទ្ររបស់ពួកគេ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner