អភិបាលខេត្តរតនគិរី សំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្តមេត្តាជួយជំរុញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានរីកចម្រើនជាងនេះបន្តទៀត
រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្ត មេត្តាជួយជំរុញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានរីកចម្រើនជាងនេះបន្តទៀត និងសំណូមពរដល់ការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តធ្វើយ៉ាងណាឲ្យមានភាពសុក្រិត និងមានអត្ថន័យខ្លឹមសារដូចជាអក្ខរាវិរុទ្ធត្រឹមត្រូវ ប្រសិនបើមិនច្បាស់ត្រង់ចំណុចណាពាក់ព័ន្ធនឹងអង្គភាពណាមួយសូមជូនដំណឹងដល់អង្គភាពនោះ ដើម្បីជួយបំភ្លឺឲ្យបាន ច្បាស់លាស់ ។
ឯកឧត្តម ញ៉ែម សំអឿន បានសំណូមពរបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ។
ឯកឧត្តម ណាប់ ប៊ុនហេង មានមតិបូកសរុបលទ្ធផលកិច្ចប្រជុំ ដោយមានប្រសាសន៍ថា៖ តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី ៣៧ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានពទ្ធផលតាមការគ្រោងទុក៕ដោយ គតិ យុត្ត









