មន្រ្តីការិយាល័យជំនាញចំណុះផែនការងារអត្តសញ្ញាណកម្ម នឹងចុះពង្រឹងត្រួតពិនិត្យមន្រ្តីបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និង មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌក្នុងរាធានីភ្នំពេញ ជំរុញការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការលេខ ០២៦ ល.ប.ក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចាត់តាំងក្រុមការងារនៃការិយាល័យជំនាញអត្តសញ្ញាណកម្មចុះត្រួតពិនិត្យ ណែនាំតម្រង់ទិសពាក់ព័ន្ធការងារផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់ហ័ស បន្ទាប់ពីមើលឃើញថា នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលខណ្ឌមួយចំនួន ពាក់ព័ន្ធការងារផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅមិនទាន់បានល្អនៅឡើយនោះទេ ។

កិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំនៃអគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាន់ទី៣ ក្នុងនោះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរង ទទួលជំនួយដឹកនាំការងារការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ឯក កៅ សុវណ្ណារ៉ា ស្នងការរង ទទួលជំនួយដឹកនាំការងារការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកវរសេនីយ៍ឯក ទឹម ចាន់ណារិទ្ធ នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងវត្តមានលោក លោកស្រី នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ ចំណុះផែនការងារអត្តសញ្ញាណកម្ម។

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ក៏បានលើកឡើងដោយណែនាំដល់ក្រុមការងារដែលចុះត្រួតពិនិត្យការងារផ្តល់សេវាអត្តសញ្ញាណកម្ម នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និង អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិតទុកដាក់បំពេញភារកិច្ចប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពអសកម្មការងារលើការផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋនិងការពង្រឹងជំរុញកិច្ចការងារផ្តល់សេវាអត្តសញ្ញាណកម្មនេះឱ្យបានត្រឹមត្រូវតាមគោលការណ៍និងនីតិវធី ។

លោកឧត្តមសេនីយ៍ស្នងការរង ក៏ណែនាំមន្រ្តីការិយាល័យជំនាញនៅពេលចុះទៅ ក៏ត្រូវណែនាំដល់មន្រ្តីនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលខណ្ឌ ត្រូវយកចិត្តទុកដាក់ លើកម្ពស់ចំពោះការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់ ។ ក្នុងនោះក៏ណែនាំឱ្យមានការប្រុងប្រយ័ត្ននិងត្រួតពិនិត្យឱ្យបានច្បាស់លាស់រាល់ឯកសារនានាមុននឹងផ្តល់សេវាអត្តសញ្ញាណកម្មនេះ គឺដើម្បីចៀសវាងការផ្តល់ឯកសារកម្ពុជាមិនប្រក្រតីជូនដល់ជនបរទេសអន្តោប្រវេសន៍មករស់នៅខុសច្បាប់ដែលធ្វើឱ្យមានបញ្ហាចំពោះមុខច្បាប់ ។ ក្នុងនោះក៏ត្រូវចុះត្រួតពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់មន្រ្តីជំនាញលើការងារផ្តល់សេវាអត្តសញ្ញាណកម្ម នៅក្នុងមូលដ្ឋានដើម្បីធ្វើរបាយការណ៍ជូនដល់ថ្នាក់លើ ក្នុងការយកមកពិភាក្សាដោះស្រាយ ។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំ ក៏បានពិភាក្សាលើការងារកសាងផែនការសកម្មភាពសម្រាប់ផែនការងារអត្តសញ្ញាណកម្ម ដែលត្រូវធ្វើនាពេលខាងមុខ ។ ពិភាក្សាអំពីបញ្ហាប្រឈមនានាក្នុងការផ្តល់សេវាអត្តសញ្ញាណកម្ម រកវិធីដោះស្រាយឲ្យបានឆាប់បំផុត និងមានប្រសិទ្ធភាព ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner