ផ្លែកោន ជាផ្លែឈើព្រៃស្រស់ស្អាតមើលទៅគួរឱ្យចង់បរិភោគណាស់ ដែលមាននៅលើខ្នងភ្នំគូលែន

ខេត្តសៀមរាប ៖ ប្រភេទរុក្ខជាតិផ្លែកោនដែលមានមនុស្សតិចតួចបានស្គាល់ វា កំពុងហុចផ្លែបន្តបន្ទាប់នៅលើខ្នងភ្នំគូលែន ក្នុងខេត្តសៀមរាប ។ វាជាប្រភេទរុក្ខជាតិវល្លិ៍កំពុងត្រូវបានប្រជាសហគមន៍អាស្រ័យផលសម្រាប់បេះមកលក់និងបេះសម្រាប់បរិភោគប្រចាំគ្រួសារ។

តាមពិតផ្លែកោនតែងហុចផលក្នុងចន្លោះខែឧសភា ដល់ កញ្ញា ជារៀងរាល់ឆ្នាំ ។ ពលរដ្ឋនៅលើខ្នងភ្នំគូលែន និងនៅតំបន់មួយចំនួនក្នុងខេត្តសៀមរាបតែងអាស្រ័យផលពីរុក្ខជាតិព្រៃប្រភេទនេះ ។ ទាក់ទិនក្នុងរឿងនេះ លោក ស៊ូស៊ី មន្រ្តីឧទ្យានុរក្សប្រចាំនៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែនបានឱ្យដឹងថា ផ្លែកោន គឺជារុក្ខជាតិមានឈ្មោះបោះសម្លេងមួយ នៅក្នុងតំបន់លើខ្នងភ្នំគូលែន ។ រុក្ខជាតិប្រភេទនេះវាឱ្យផលតាមរដូវកាលដូចគ្នានឹងផ្លែគូលែន សិរមាន់ ឬផ្លែភ្ញៀវព្រៃផងដែរ។
មន្រ្តីរូបនេះបានឱ្យដឹងបន្ថែមថា” ផ្លែកោនធម្មតានៅពេលវាខ្ចី មានរសជាតិចត់បន្តិច ប៉ុន្តែពេលទុំវាមានរស់ជាតិផ្អែមប្រហាក់ប្រហែលនឹងផ្លែចេកទុំ និងមានគ្រាប់ជាក្លែបៗ៤ទៅ៥គ្រាប់”។

លោក ផាន់ ផុន ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំស្ថិតនៅលើខ្នងភ្នំគូលែនបានឱ្យដឹងថាដើមកោនកាលពីសម័យមុនចាស់បុរាណបានប្រើវាជាឱសថសម្រាប់ព្យាបារោគមួយចំនួនដូចជាដាំទឹកផឹកបំបាត់អាការរោគក្រពះ។ លោកប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំបានឱ្យដឹងបន្ថែមថា ផ្លែកោនស្ថិតនៅក្នុងចំណោមអនុផលព្រៃឈើដែលប្រជាសហគមន៍បេះសម្រាប់លក់ដល់ភ្ញៀវទេសចរណ៍ ។ សម្រាប់ផ្លែនេះដែរបើទោះបីជាផ្លែឈើព្រៃដែលប្រជាសហគមន៍ស្គាល់ពិតមែនតែបើប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងមិនសូវស្គាល់វាឡើយ។

ដោយឡែកអ្នកស្រឹ ផាប់ ឡឺប ប្រជាសហគមន៍ដែលបានបេះផ្លែកោនសម្រាប់ទុកលក់និងបរិភោគប្រចាំគ្រួសារ ឱ្យដឹងថាបច្ចុប្បន្នផ្លែឈើព្រៃប្រភេទនេះមិនសូវសម្បូរច្រើនទេ ហើយអ្នកស្រីតែងចូលព្រៃបេះផ្លែវាជារៀងរាល់ឆ្នាំសម្រាប់ទុកលក់និងបរិភោគ។ ស្រ្តីរូបនេះបានឱ្យដឹងបន្ថែមថា ផ្លែកោននេះនៅតំបន់គាត់គេចូលចិត្តហៅថាផ្លែ “កន” វាមានរស់ជាតិឈ្ងុយឆ្ងាញ់ ហេតុនេះទើបគេចូលចិត្តទិញបរិភោគណាស់។

ក្នុងដំណើរបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននិងបឹងទន្លេសាបចាប់ពីថ្ងៃទី ២៨-៣០ ខែ មិថុនា ឆ្នាំ ២០២២ កន្លងមក ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាបានលើកឡើងថា ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាន និងតួនាទីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner