ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារមរតក ប៊ុន ស៊ាងលី វត្តស្លែង ស្រុកគីរីវង់ ខេត្តតាកែវ

តាកែវ៖ សំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃ នៃព្រះវិហារវត្តស្លែង មានទទឹង១២ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ កំពស់៣៣ម៉ែត្រ ជាសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនា រចនាបទខ្មែរនាសម័យឧត្តុង្គ និងសម័យចតុមុខ បូកបញ្ចូលគ្នា ដែលទើបស្ថាបនាសាងសង់ហើយរួចរាល់ជាស្ថាពរ ចំណាយអស់ថវិកា ៨សែន២ម៉ឺន៧៣០ដុល្លា រួមទាំងសមិទ្ធផលសាសនាដ៏ទៃទៀត ចំណាយអស់ថវិកាសរុប ១លាន២ម៉ឺន៥ពាន់២៣០ដុល្លា បានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងតាមប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី៥កក្កដា បន្ទាប់ពីពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល៤យប់៥ថ្ងៃ រួចមក។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានប្រសាសន៍ថា ព្រះវិហាមរតក ប៊ុន ស៊ាងលី គឺជាមហាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីមរតកនិងបញ្ញាញាណរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានមកចុឡរួមដឹកនាំ និងកសាងផ្នែកពុទ្ធចក្រ ក្នុងទីអារាមវត្តស្លែងនេះកាលពី៨ឆ្នាំមុន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពី៨ឆ្នាំមុន ឯកឧត្តមធ្លាប់បានមកកាន់ទីអារាមវត្តស្លែងនេះម្តងរួចហើយ នៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលមួយ ហើយពេលនេះរូបឯកឧត្តមបានមកកាន់វត្តនេះជាថ្មីម្តងទៀត ជាមួយនិងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិមហារមរតក ប៊ុន ស៊ាងលី ដែលជាជីដូនបង្កើតរបស់ឯកឧត្តម។ ឯកឧត្តបណ្ឌិតមានប្រសាសន៍បន្តថា ទីអារាមនេះមានអនុស្សាវរីយ៍ និងបារមីស័ក្តិសិទ្ធខ្លាំងណាស់ ពិសេសឯកឧត្តមបានបួងសួងសុំកូនប្រុសម្នាក់ គឺបានដូចបំណងប្រាថ្នា។ រហូតមកដល់ពេលនេះ កូនប្រុសរបស់ឯកឧត្តមមានអាយុ ៤ឆ្នាំមហើយ ហើយអ្វីដែលឯកឧត្តមមកកាន់វត្តនេះ ជាថ្មីម្តងទៀត ឯកឧត្តមសូមបួងសួងសុំកូនប្រុសម្នាក់ទៀត។

បន្ទាប់មកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេននិងបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ជាតូបការ គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្តិមុនីវង្ស កុសយមៈនារីរ័ត្ន មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរយយស មុនីសារាភណ្ឌ មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស សុវត្ថារា មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មហាសេនា និងគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ មហាសេនា ប្រគេនព្រះសង្ឍ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ និងសប្បរសជននានា សរុបបចំនួន៩១រូប ដែលបានរួមចំណែកកសាងមហាសិទ្ធផល ក្នុងទីអារាមវត្តស្លែងនេះឡើងវិញ។

សូមបញ្ជាក់ថា វត្តស្លែងជាវត្តចាស់បុរាណមួយ ក្នុងចំ ណោមវត្តចាស់ៗ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានអាយុកាលជាង ៣០០ឆ្នាំមកហើយ ដែលមានទទឹង១៥០ម៉ែត្រ បណ្តោយ២៤០ម៉ែត្រ មានទីតាំងភូមិសាស្រ្តស្ថិតក្នុងភូមិស្លែង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រោមការដឹកនាំរបស់ព្រះរតនចារី ហៀម វង្ស ជាព្រះចៅអធិការវត្តបច្ចុប្បន្ន រួមជាមួយព្រះសង្ឃ លោកអាចារ្យ គណៈកម្មការបានផ្តួចផ្តើម កសាងសមិទ្ធផលនានាក្នុងវត្តស្លែង ក្នុងនោះរួមមាន សាលាធម្មសភា ១ខ្នង ចំណាយអស់ថវិកាជាង ២៩ម៉ឺនដុល្លា ជួសជុលព្រះវិហារចាស់ឡើងវិញ ចំណាយអស់ថវិកា ១ម៉ឺន៧ពាន់៩០០ដុល្លា រៀបការ៉ូឡាជុំវិញព្រះវិហារ និងសាលាធម្មសភា អស់ថវិកា១ម៉ឺន៣ពាន់៥០០ដុល្លា សាងសង់ក្លោងទ្វារ អស់ថវិកា ១ម៉ឺន៣ពាន់ដុល្លា ជីកស្រះទឹក ទទឹង៤៥ម៉ែត្រ បណ្តោយ៧៥ម៉ែត្រ ជំរៅ៣ម៉ែត្រ អស់ថវិកា ១ម៉ឺន៥ពាន់ដុល្លា រួមទាំងកសាងសមិទ្ធផលជាច្រើនទៀត ចំណាយអស់ថវិកាសរុប ៣សែន៩ម៉ឺន៦ពាន់៧៩០ដុល្លាអាមេរិក សមិទ្ធផលទាំងអស់នេះ កើតចេញដោយសទ្ធាជ្រះថ្លារបស់សប្បរសជនក្នុងនិងក្រៅប្រទេស រួមមានអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភ គីម ទូច ព្រមទាំងបុត្រ និងចៅៗ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅៗ ឯកឧត្តម តាន់ បញ្ញាវុធ និងលោកជំទាវ ប៊ុន សុថា ព្រមទាំងបុត្រ និងចៅៗ។ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានលើកឧទ្ទិសមហាសមិទ្ធផល នៃសំណង់ស្ថាបត្តកម្មព្រះវិហារថ្មី ក្នុងវត្តស្លែង និងទីអារាមវត្តស្លែងថា ព្រះវិហាមរតក ប៊ុន ស៊ាងលី ចាប់ពីពេលនេះតទៅ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner