ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំមួយរូប ដែលបានរួមចំណែករំដោះប្រទេស និងអាយុជីវិតប្រជាជនកម្ពុជា និងដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានសុខសន្តិភាព អភិវឌ្ឍរីកចម្រើន និងមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ និងលើពិភពលោក
តាកែវ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសសន៍ថា ក្នុងការដឹកនាំប្រទេសដែលបានចំណាយពេលជាងពាក់កណ្តាលអាយុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនដែលសម្លាប់ជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ផ្ទុយទៅវិញសម្តេចតេជោ គឺជាថ្នាក់ដឹកនាំមួយរូប ដែលបានរួមចំណែករំដោះប្រទេស និងអាយុជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពីប្រជាជនរស់នៅក្នុងភាពអត់ឃ្លាន ទៅកាន់ប្រជាជន ដែលមានជីវភាពរស់នៅល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសប្រ ទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើន និងមានភាពប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ និងលើពិភពលោក។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍សង្កត់ធ្ងន់ថា គ្រប់កាលៈទេសៈទាំងអស់ សម្តេចតេជោ មិនដែលរត់ចោលប្រជាជន និងទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះនោះដែរ ជាក់ស្តែងក្នុងព្រឹត្តិការណ៍ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ សម្តេចតេជោ បានឈរនៅរួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា និងជនបរទេសដោយមិនយកកម្រៃ និងបានចាក់ស្រោច ជូនប្រជាជនកម្ពុជាជាង៩០ភាគរយ គ្រប់ដណ្តប់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនិងការថ្លែងនោះដែរ ឯកឧត្តម បានធ្វើការអំពាវនាវជូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ ពិសេសប្រជាពលរដ្ឋក្នុងស្រុកគីរីវង់ សូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំង ដូសជំរុញទី៣ ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រជាជនកម្ពុជាគ្រប់រូប រួចចាកផុត ពីជំងឺដ៏កាចសាហាវកូវីដ១៩។
ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដូចនេះ នៅក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងតាមប្រពៃណីព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី៥កក្កដា បន្ទាប់ពីពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៤យប់ ៥ថ្ងៃ រួចមក ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសុខដុមបនីយកម្មខាងជំនឿសាសនា ដែលអាចផ្តល់លទ្ធភាពរបស់ប្រជាពលរដ្ឋគោរពជំនឿសាសនា ទៅតាមជំនឿនិងសាសនានិមួយៗ គ្មានការប្រទូសារាយ ចងអាឃាតនិងគ្នា ពោលគឺមានភាពសុខដុមរបនាខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក ៕ ដោយ វណ្ណលុក











