បុរសជាអ្នកបើករថយន្ត ត្រូវបានខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ
ភ្នំពេញ៖ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងផ្ទះវីឡាមួយកន្លែង បណ្ដាលឱ្យបុរសម្នាក់ ជាតៃកុងរថយន្ត និងជាអ្នកយាមផ្ទះវីឡាលេខ៣៨ ស្លាប់ភ្លាមៗ ក្នុងថ្លុមឈាមកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅផ្ទះលេខ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដល់ជីវិតឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ ជាអ្នកបើករថយន្តឱ្យម្ចាស់ផ្ទះវីឡាខាងលើ ។បុរសនេះស្នាក់នៅផ្ទះកន្លែងកើតហេតុ ។ ចំណែកឯ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា ជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ។ បុរសទាំងពីរនាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ក៏ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះ អង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ ភីស៊ីអ៊ុច (PCX) ពណ៌ស មិនចាំស្លាក់លេខ បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្ដាលឱ្យជនរងគ្រោះ ដែលអង្គុយលើកៅអីនៅក្នុងតូបយាម ស្លាប់ភ្លាមៗ។ បន្ទាប់ពីបាញ់ប្រហាររួចជនដៃដល់ក៏ជិះម៉ូតូ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្តង។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ពីដំបូង រូបគាត់ ឮសូរសំឡេងផ្ទុះអាវុធចំនួន ៧គ្រាប់ ដល់មួយសន្ទុះក្រោយមក ក៏ឮសូរផ្ទុះអាវុធចំនួន ៣គ្រាប់បន្ថែមទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចម្រុះបានចុះមកដល់ទីតាំងកើតហេតុខាងលើ ធ្វើការពិនិត្យ ឆែកកាំមេរ៉ា និងធ្វើកោសល្យវិច័យរួច ។ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនឃាតករខាងលើ៕ ដោយ៖ ឆៃហួត












