កីឡាករគុនខ្មែរ បឺត សង្ឈឹម និង ម៉ឺន មេឃា បង្ហាញការតាំងចិត្តខ្ពស់ធ្វើឲ្យបានល្អ ដើម្បីបង្ហាញកិត្តិស័ព្ទក្បាច់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ

កីឡាករកីឡាការិនីគុនខ្មែរកម្ពុជា និងអន្តរជាតិ ត្រៀមប្រកួតក្នុងកម្មវិធីប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី៦ ខែកក្តដាស្អែកនេះ បានថ្លឹងគីឡូ និងពិនិត្យសុខភាព នៅពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី៥នេះ ក្រោមសក្ខីភាពជាសាក្សី លោក ហេង សុខឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោក តូ នីអាន់ ប្រធាន WORLD FIGTH។

ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ការថ្លឹងគីឡូ កីឡាករ បឺត សង្ឈឹម និង ម៉ឺន មេឃា ម្ចាស់មេដាយមាស ស៊ីហ្គេម នៅវៀតណាម បានលើកឡើងថា ការត្រៀមខ្លួនប្រកួតជើងឯកពិភពលោក ជាលក្ខណៈអន្តរជាតិ គឺជាឱកាសពង្រឹងបទពិសោធន៍ និង អភិវឌ្ឍសមត្ថភាពឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពិសេស បង្ហាញកិត្តិស័ព្ទគុនខ្មែរទៅកាន់ឆាកអន្តរជាតិ រួមជាមួយនឹងការប្តេជ្ញាចិត្តខិតខំប្រកួតឲ្យអស់ពីលទ្ធភាពប្រជែងដណ្តើមជ័យជំនះឲ្យបាននាំមកនូវមោទកភាព សម្រាប់គុនខ្មែរ ។

ដោយឡែកកីឡាករប្រេស៊ីល FELYPE SUZA គូប្រជែង ម៉ឺន មេឃា បានបង្ហាញអារម្មណ៍មុនការប្រកួតថា សម្រាប់ប្រកួតនេះ បានត្រៀមខ្លួនរួចរាល់ហើយ ក៏មិនមានអារម្មណ៍ភ័យព្រួយចំពោះដៃគូប្រកួតដែរ ទោះបីគេធ្លាប់ឈ្នះមេដាយមាសក៏ដោយ ខ្ញុំមកប្រកួតគឺខ្ញុំចង់បានជ័យជំនះ ។

សូមបញ្ជាក់ថា ការប្រកួតប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលធ្វើការប្រកួតនៅស្អែកថ្ងៃទី៦ ខែកក្តដា ស្អែកនេះ នៅពហុកីឡដ្ឋានមរតកតេជោ វេលាម៉ោង៥ល្ងាច ដោយមាន៥គូ ដោយ គូទី១ កីឡាករ កាន់ ម៉េងហុង ប្រកួតក្នុងទម្ងន់៥៥គីឡូក្រាម ជួបជើងខ្លាំង មកពីប្រទេសអូស្រ្តាលី គូទី២ កីឡាករ គុនខ្មែរ បឺត សង្ឈឹម ប្រកួតទម្ងន់៥៧.២គីឡូក្រាម ជួបជើងខ្លាំងថៃ , គូទី៣ កីឡាករ ម៉ឺន មេឃា ប្រកួតទម្ងន់៦៣.៥គីឡូក្រាម ជួបជើងខ្លាំងមកពីប្រទេសប្រេស៊ីល FELYPE SUZA ដណ្តើមខ្សែក្រវ៉ាត់ ទី៤ គូឯកអន្តរជាតិ កីឡាករថៃ ប៊ូ ខាវ ប្រកួតទម្ងន់៧២.៦គីឡូក្រាម ជួបជើងខ្លាំង មកពីប្រទេស បេឡារ៉ូស និងគូទី៥ កីឡាការិនី ទូច ចាន់វត្តី ប្រកួតទម្ងន់៥៣.៥ ជួបកីឡាការិនីមកពីប្រទេស ESTONIA ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner