កីឡាការិនី អ៊ុន ស្រីយ៉ា បានបង្ហាញឆន្ទៈខ្ពស់ថា នឹងទទួលបានលទ្ធផល ពីការប្រកួតកីឡាប៉េតង់ពិភពលោក នៅអាមេរិក
ភ្នំពេញ៖ ម្ចាស់មេដាយមាសវិញ្ញាសា៣នាក់ទល់៣នាក់ ស៊ីហ្គេម នៅប្រទេសវៀតណាមថ្មីនេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានបង្ហាញឆន្ទៈខ្ពស់ថា នឹងទទួលបានលទ្ធផល ពីការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០២២ នៅរដ្ឋ Birmingham សហរដ្ឋអាមេរិក ។
តាមការបញ្ជាក់ពីកញ្ញា គិន សំណាង អគ្គលេខាធិការងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានអោយដឹងថា ការប្រកួតកីឡាប៉េតង់ពិភពលោក កម្ពុជា បញ្ជូនកីឡាការិនី២រូប គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា និងប្រតិភូ៣រូបទៅចូលរួម ប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសា២នាក់ទល់២នាក់ និងវិញ្ញាសាវាយកយកពិន្ទុ ។ អគ្គលេខាធិការងរូបនេះ បន្តថា កម្ពុជាសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ដោយសារសហព័ន្ធមានផែនការច្បាស់លាស់ ក្នុងសម្រិតសម្រាំងរកកីឡាការិនីដែលមានបទពិសោធន៍ និងបច្ចេកទេសធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិញឹកញាប់ ។
ចំនែកឯកីឡាការិនី អ៊ុន ស្រីយ៉ា បានបញ្ជាក់ថា ការចេញទៅលើកនេះ គឺបានត្រៀមយ៉ាងល្អ ដោយធ្វើការហ្វឹកហាត់ និងសមផ្នែកបច្ចេទេសជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដើម្បីសហការគ្នាជាក្រុមអោយបានល្អ ។ ស្រីយ៉ា បន្តថា ការប្រកួតមុនៗ គឺលេងវិញ្ញាសា៣ទល់៣ អារម្មណ៍គឺ៣ ពីព្រោះត្រូវមានសិទ្ធផលខ្លាំងទាំង៣ តែលើកនេះ លេង២នាក់មានអារម្មណ៍ខ្លាំងជាង អាចជោគជ័យច្រើនជាង ដោយសារ៣នាក់ ចម្រាញ់យក២នាក់ដែលខ្លាំងជាង ។
កីឡាការិនី អ៊ុន ស្រីយ៉ា បញ្ជាក់ថា ប្រទេសជាឧបសគ្គសម្រាប់កម្ពុជា មានពី៨ ទៅ ១០ប្រទេស ដូចជា ថៃ បារាំង ដាណាម៉ាកជាដើម ដែលតែងតែប្រកួតស្វិតស្វាញជាមួយកម្ពុជាលើឆាកអន្តរជាតិ ក្នុងព្រឹត្តការណ៍ធំ ការប្រកួតស៊ីហ្គេម កម្រិតអាស៊ី ជើងឯកពិភពលោក និងពិភពលោក ។
ដោយលែកលោក សុខ ម៉ុង គ្រូបង្វឹកក្រុមជម្រើសជាតិ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ពហុកីឡដ្ឋានអូឡាំពិកវិញ ធ្វើអោយកីឡាករ កីឡាករិនី ជម្រើសរើសជាតិ ទទួលបានការហ្វឹកហាត់ងាយស្រួល វេលា និងទីលានគ្រប់គ្រាន់ ។ លោកគ្រូបង្វឹករូបនេះ ស្នើឲ្យកីឡាការិនីទាំង២នាក់ បង្កើនសាមគ្គីជាក្រុមអោយល្អ ទើបទទួលបានជ័យជំនះ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០២២ ធ្វើនៅរដ្ឋ Birmingham សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា កម្ពុជាបញ្ជូនកីឡាការិនី និងប្រតិភូសរុប៥នាក់ មានកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដឹកនាំដោយកញ្ញា គិន សំណាង អគ្គលេខាធិការងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលរួមប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយគូ ២នាក់ទល់២នាក់ និងវិញ្ញាសាវាយយកពិន្ទុ ៕ ចាន់ វិចិត្រ





