អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការទាមទាររបស់សហមេធាវីលោក កឹម សុខា ឱ្យថ្វាយអំណាចដល់ព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ និងមិនស្របទៅនឹងបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះរដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច។

អ្នកនាំពាក្យក៏បានហៅការលើកឡើងមួយចំនួនទៀតរបស់សហមេធាវីលោក កឹម សុខា គឺជាការមិនត្រឹមត្រូវ និងមានការយល់ដឹងផ្នែកច្បាប់នៅមានកម្រិតនៅឡើយ។ ការប្រើប្រាស់ទិដ្ឋភាពនយោបាយ ឬក៏ភ្ជាប់ទៅរឿងនយោបាយ ទាមទារឱ្យមានការចរចាផ្នែកនយោបាយ គឺមិនមានឥទ្ធិពលផ្នែកផ្លូវច្បាប់ទៅលើតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី០៥ ខែកក្កដានេះថា ការលើកឡើងតាមរយៈសំណេររបស់ក្រុមមេធាវីរបស់លោក កឹម សុខា កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ការយល់ដឹងផ្នែកច្បាប់របស់ពួកគាត់នៅមានកម្រិត។ ហេតុដូច្នេះហើយបានជាយើងកម្រ ឬក៏សឹងតែមិនឃើញពួកគាត់ប្រើប្រាស់វិធីសាស្ត្រ យុទ្ធសាស្ត្រ ឬក៏មូលដ្ឋានផ្នែកច្បាប់ទាល់ តែសោះក្នុងការការពារកូនក្តីរបស់ខ្លួន ហើយប្រើប្រាស់តែទៅលើទិដ្ឋភាពនយោបាយ ឬក៏ភ្ជាប់ទៅរឿងនយោបាយ ហើយទាមទារឱ្យមានការចរចាផ្នែកនយោបាយវិញ។ វិធីសាស្ត្របែបនេះ គឺមិនមានឥទ្ធិពលផ្នែកផ្លូវច្បាប់ទៅលើតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។ ក្នុងនាមជាមេធាវីគួរតែប្រើប្រាស់ផ្លូវច្បាប់ ចំណេះដឹងផ្នែកច្បាប់ និងនីតិវិធីច្បាប់ ឱ្យបានច្រើនក្នុងការការពារកូនក្តីរបស់ខ្លួន ចៀសជាងភ្ជាប់ទៅរឿងនយោបាយ។ បើមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ហើយចេះតែភ្ជាប់នឹងរឿងនយោបាយមិនអាចការពារកូនក្តីរបស់ខ្លួនបាននោះទេ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “បញ្ហានៅត្រង់ថា រឿងនយោបាយវាជារឿងដោយឡែក វាអាស្រ័យទៅលើការចរចារវាងអ្នកនយោបាយ ក៏ប៉ុន្តែក្នុងករណីអ្នកនយោបាយប្រព្រឹត្តល្មើសទៅនឹងច្បាប់ គឺត្រូវតែដោះស្រាយតាមផ្លូវច្បាប់ តាមដំណើរការនីតិវិធីរបស់តុលាការដែលមានជាធរមាន”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបន្តថា ការដែលលើកឡើងថា មន្ត្រីតុលាការដែលមានឈ្មោះក្នុងរចនាសម្ព័ន្ធគណបក្សត្រូវតែលុបឈ្មោះចោល គឺរឹតតែខុសទៅនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ខុសរដ្ឋធម្មនុញ្ញ ហើយខុសទៅនឹងច្បាប់ស្តីពីអង្គការចាត់តាំងតុលាការទៀត ពីព្រោះរដ្ឋធម្មនុញ្ញ ក៏ដូចជាគោលការណ៍ច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់ស្តីពីអង្គការចាត់តាំងតុលាការ គេធានានៅសិទ្ធិខាងផ្នែកនយោបាយរបស់ពលរដ្ឋ ហើយមន្ត្រីតុលាការ ក៏ជាពលរដ្ឋដែរ គាត់មានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ ធ្វើសកម្មភាពនយោបាយ ក៏ប៉ុន្តែសំខាន់កុំឱ្យប៉ះពាល់ទៅនឹងវិជ្ជាជីវៈរបស់គាត់ ដូចជាការធ្វើសកម្មភាពនយោបាយក្នុងម៉ោងធ្វើការ ឬមួយភាពលម្អៀងក្នុងការសម្រេចសេចក្តី ដោយសារតែនិន្នាការនយោបាយ បានគេហាម។ ប៉ុន្តែការដែលគាត់ចូលរួមជីវភាពនយោបាយ ឬក៏ធ្វើសកម្មភាពនយោបាយ ឬក៏មានឈ្មោះក្នុងរចនាសម្ព័ន្ធគណបក្ស ច្បាប់មិនបានហាមនោះទេ។ លើកលែងតែគាត់ ធ្វើសកម្មភាពក្នុងពេលបំពេញការងារ ហើយដែលប៉ះពាល់ទៅនឹងវិជ្ជាជីវៈរបស់ខ្លួន។ ការលើកឡើងរបស់លោក ផែង ហេង មេធាវីការពារលោក កឹម សុខា គឺវាមិនផ្អែកទៅលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មិនផ្អែកលើរដ្ឋធម្មនុញ្ញ ហើយក៏មិនផ្អែកទៅនឹងបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការរៀបចំប្រព្រឹត្តទៅរបស់អង្គការតុលាការដែរ។

អ្នកនាំពាក្យបានបញ្ជាក់ថា “ការទាមទារប្រគល់អំណាចដល់ព្រះមហាក្សត្រ គឺជាការបំពានទៅនឹងរដ្ឋធម្មនុញ្ញ ហើយមិនស្របទៅនឹងបញ្ញត្តិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទេ ពីព្រោះរដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច។ បញ្ញត្តិនេះ រដ្ឋធម្មនុញ្ញហាមប្រាមទៀតថា មិនឱ្យធ្វើការកែប្រែទៀត អ៊ីចឹងការលើកឡើងនេះ គឺគ្រាន់តែជាចង់ចំណេញខាងផ្នែកនយោបាយ ហើយយកព្រះមហាក្សត្រមិនបិទបាំង និងជារបាំងការពារនៅអំពើល្មើសរបស់កូនក្តី ឬក៏ក្រុមខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែការលើកឡើងនេះវាមិនអាចទៅរួចទេ ជាទិដ្ឋភាពផ្លូវច្បាប់ វាបំពានទៅនឹងរដ្ឋធម្មនុញ្ញ ហើយគោលការណ៍រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ “៕
ដោយ៖ពលជ័យ

ads banner