សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា រកបានដៃគូសាងសង់ទីលានបាញ់កាំភ្លើងស្តង់ដា
ភ្នំពេញ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Lixin Group ដើម្បីសាងសង់ទីលានបាញ់កាំភ្លើងក្នុងគោលបំណងបម្រើដល់ការអភិវឌ្ឍកីឡាបាញ់កាំភ្លើង និងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញដែលមានវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងលោក KEVIN HSU នាយកប្រតិបត្តិក្រុមហ៊ុន។
ឯកឧត្តម មៀច សុផាន់ណា បានឲ្យដឹងថា ដើម្បីធានាបានដល់ការអភិវឌ្ឍកីឡាបាញ់កាំភ្លើងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិប្រកបដោយគុណភាព និងស្តង់ដា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានចាប់ដៃគូជាមួយក្រុមហ៊ុនខាងលើសម្រាប់ការសាងសង់ទីលានបាញ់កាំភ្លើង។
ឯកឧត្តមប្រធានសហព័ន្ធបានបន្តថា ការសាងសង់ទីលានប្រកួតបាញ់កាំភ្លើង គឺជារឿងសំខាន់ និងចាំបាច់បំផុត ដើម្បីអភិវឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យរីកចម្រើន និងដើរទាន់បណ្តាប្រទេសផ្សេងៗ។ ជាពិសេសទៀតនេះ ទីលានបាញ់កាំភ្លើងនេះក៏នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធមួយក្នុងវិស័យកីឡានៅកម្ពុជាដែលកំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងសម្រាប់កម្ពុជា។
«កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នានេះ នឹងបង្កើតអនាគតដ៏ត្រចះត្រចង់មួយសម្រាប់កីឡាបាញ់កាំភ្លើងនៅកម្ពុជា»។ ឯកឧត្តមប្រធានសហព័ន្ធបញ្ជាក់ពីក្តីសង្ឃឹម។
ជាមួយគ្នានេះ លោក KEVIN HSU នាយកប្រតិបត្តិក្រុមហ៊ុន Lixin Group បានឲ្យដឹងថា ទីលានបាញ់កាំភ្លើងនេះ មានទីតាំងរបស់ក្រុមហ៊ុនលីស៊ីនថ្មី ក្នុងខេត្តព្រះសីហនុ។ ទីលាននេះនឹងបម្រើដល់ការប្រកួត និងបណ្តុះបណ្តាលក្រុមកីឡាបាញ់កាំភ្លើងជម្រើសជាតិកម្ពុជា។ វាជាទីលានស្តង់ដាមួយដែលអាចប្រើប្រាស់ផ្លូវការសម្រាប់ការប្រកួតទាំងជាតិ និងអន្តរជាតិដូចជាកីឡាស៊ីហ្គេមជាដើម៕ ចាន់ វិចិត្រ