ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបជាមួយប្រតិភូ តំណាងបណ្តា ប្រទេសផ្តល់ជំនួយសំខាន់ៗ ប្រចាំនៅអ.ស.ប
ភ្នំពេញ៖ តបតាមសំណើរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី៦ខែកក្កដា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា ទទួលជួបជាមួយប្រតិភូ តំណាង បណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ (Principal Donors Group) ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) ជួបសម្តែង ការគួរសម និងពិភាក្សាអំពី កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
តំណាងក្រុមបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ ដែលមានវត្តមាននា ពេលនេះរួមមាន៖ អូស្ត្រាលី សហភាពអឺរ៉ុប បារាំង ជប៉ុន និងសហរដ្ឋ អាមេរិក។
ប្រភពរដ្ឋសភាបានបង្ហាញថា តាមរយៈកិច្ចជំនួបនេះ ប្រតិភូនៃភាគី ទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការផ្សាភ្ជាប់ យុវជនជំនាន់ក្រោយ ទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃ ឧក្រិដ្ឋកម្ម ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) និងលើ កិច្ចការ និងយន្តការក្នុងការបន្តចែករំលែកព័ត៌មានអំពីសមិទ្ធផល និងកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទាំងក្នុងប្រទេស និងក្នុងពិភពលោក។
ទន្ទឹមនេះជំនួប ក៏បានរំលេចពីភាពសំខាន់នៃ «ច្បាប់ស្តីពីការអនុម័ត យល់ព្រមកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការ បញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានចូលជាធរមាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងនឹងចាប់ផ្តើមអនុវត្ត ចាប់ពីដើមឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ៕
ដោយ៖ ង៉ាន់ ទិត្យ