ក្រោយជាប់ឆ្នោត ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ប្អេរ បានប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុងរួមគ្នាបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួន ឱ្យទទួលបានសមិទ្ធផលការងារថ្មីៗបន្ថែមទៀត
កំពង់ឆ្នាំង ៖ លោក ស៊ិន សូត្រ ជាចៅសង្កាត់ប្អេរ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ប្អេរ បានប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុងរួមគ្នា បន្តអភិវឌ្ឍន៍ឱ្យមូលដ្ឋានរបស់ខ្លួន ទទួលបានសមិទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ការជឿទុកចិត្តនិងទាន់ពេលវេលា ។
លោក ស៊ិន សូត្រ បានប្តេជ្ញាបែបនេះ ក្នុងពិធីប្រកាសសមាសភាពសមាជិក សមាជិកាក្រុមប្រឹក្សា សង្កាត់ប្អេរ អាណត្តិទី៥ ក្រោមអធិបតីភាព លោក ជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នំា២០២២នេះ ។
លោកជំទាវ ប៊ន សុភី ក៏បានផ្តាំផ្ញើដល់លោក លោកស្រី ដែលជាក្រុមប្រឹក្សាសង្កាត់ប្អេរអាណត្តិថ្មីនេះ ត្រូវបន្តខិតខំបំពេញការងារ និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់នានា ដែលបានកំណត់ ត្រូវរួមសាមគ្គីគ្នា សហការគ្នា ដោយមិនត្រូវប្រកាន់បក្សនយោបាយ ធ្វើយ៉ាងណាឲ្យការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋបានល្អប្រសើរ ទាន់ពេលវេលា មានគុណភាព តម្លាភាព សមធម៌ និងមានប្រសិទ្ធិភាព ដោយមិនមានការរើសអើងបក្ខពួក ឬក្រុមមនុស្សឡើយ សំដៅការអភិវឌ្ឍន៍មូលដ្ឋានឃុំឲ្យមានការរីកចំរើនជាបន្តបន្ទាប់ទៀត ។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៊ន សុភី បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្ដផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួន បង្កើតភាពស៊ាំ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យឆ្លងក្នុងសហគមន៍យើង ។
លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ដ បានអានប្រកាសលេខ២៦៥០ ប្រកចុះថ្ងៃចន្ទ១៣រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ ១. លោក ស៊ិន សូត្រ ជាប្រធានក្រុមប្រឹក្សាសង្កាត់ប្អេរ,២.លោក ស្រី ឌុច ម៉ាលី ,៣.នី វាសនា ,៤.ម៉ម ច័ន្ទថាត,៥ លោកធូ សាវឿន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ និង ប្រកាសទទួលស្គាល់ ១.លោក ស៊ិន សូត្រ ជាចៅសង្កាត់ប្អេរ ,២.លោកស្រីឌុច ម៉ាលី ជាចៅសង្កាត់រងទី១ ៣.លោក នី វាសនាជាចៅសង្កាត់រងទី២ ៕ សុខ គឹមសៀន