អគារសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិមានកម្ពស់បួនជាន់មានបន្ទប់ស្នាក់នៅចំនួន៤៥បន្ទប់ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
ភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តម សេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និង ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ និងជាអនុប្រធានវគ្គសុក្រឹតការថ្នាក់ ដឹកនាំនគរបាលកម្រិត១ និងលោកជំទាវ បានចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារទំនើបសម្រាប់ទទួលភ្ញៀវជាតិ និងអន្តជាតិ។
អគារនេះ ជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សម សម្ផស្ស ព្រមទាំងក្រុមគ្រួសារ ដែលចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា។
តាមគម្រោងប្លង់ អគារនេះមានទំហំ ៤២ម៉ែត្រគុណ១៦.៥០ម៉ែត្រ កម្ពស់បួនជាន់ មានបន្ទប់ស្នាក់នៅសរុបចំនួន ៤៥បន្ទប់ និងបន្ទប់ផ្សេងៗទៀត រួមមាន៖ សាលប្រជុំ បន្ទប់រង់ចាំ បន្ទប់ទទួលភ្ញៀវ អាហារដ្ឋាន ឃ្លាំង ជាដើម ដែលនឹងត្រូវធ្វើការសាងសង់ស្របទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងបំពាក់នូវសម្ភារៈ និងបរិក្ខារទំនើបថ្មីៗ និងមានមុខងារសម្រាប់ទទួលភ្ញៀវជាតិ អន្តជាតិ និងសិក្ខាកាមជាថ្នាក់ដឹកនាំនគរបាល ដែលមកសិក្សារៀនសូត នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់បណ្ឌិត្យសភា ដែលសម្រេចបានស្របតាមការដឹកនាំបញ្ហារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផែនការយុទ្ធសាស្ត្ររបស់ បណ្ឌិត្យសភា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង សំដៅលើកម្ពស់កិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្ត បន្ថែមទៀតទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ព្រមទាំងលើកកម្ពស់គុណភាពអប់រំ និងសមត្ថភាពវិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕
ដោយ: រ៉ាវុធ